ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បន្តផ្តល់ជំនួយថវិកាចំនួន ៩០ម៉ឺនដុល្លារ ដើម្បីបន្តអនុវត្តគម្រោងអភិរក្ស និងជួសជុលប្រាសាទបាយ័ន បានឲ្យដឹងនៅថ្ងៃទី១១ ខែ មិថុនា ឆ្នាំ ២០២៦ ថារដ្ឋាភិបាលប្រទេសជប៉ុនបានបន្តផ្តល់ជំនួយថវិកាចំនួន ៩០០.០០០ $ (ប្រាំបួនរយពាន់ ដុល្លារសហរដ្ឋអាមេរិក) ដើម្បីបន្តអនុវត្តគម្រោងអភិរក្ស និងជួសជុលប្រាសាទបាយ័ន សម្រាប់ដំណាក់កាលទីប្រាំពីរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។
គួរជម្រាបជូនថា អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរជាតិសំបូរព្រៃគុក នៅថ្ងៃទី៩-១០ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ដឹកនាំដោយសហប្រធាន លោក Pierre VINCENT ទីប្រឹក្សាផ្នែកវប្បធម៌និងកិច្ចសហប្រតិបត្តិការនៃស្ថានទូតបារាំង និងលោក NAGASE Kensuke ភារធារីនៃស្ថានទូតជប៉ុន ដោយមានការចូលរួមពីប្រតិភូរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងតំណាងឯកអគ្គរាជ/រដ្ឋទូត ក្រសួង/ស្ថាប័នជាតិ/អន្តរជាតិសរុបចំនួន៣០០នាក់។
ថ្លែងនាឱកាសនោះ លោកស្រី ភឿង សកុណា បានលើកឡើងអំពីផលប៉ះពាល់នៅលើបេតិកភណ្ឌវប្បធម៌ជាតិ និងបេតិកភណ្ឌពិភពលោក ដែលបណ្តាលមកពីការប៉ះទង្គិចនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលទាមទារឱ្យមាន ការយកចិត្តទុកដាក់ពីសាធារណមតិគ្រប់ទិសទី ដើម្បីថែរក្សាសម្បត្តិវប្បធម៌ទាំងនោះជា តម្លៃមនុស្សជាតិផងដែរ៕