វៀតណាម៖ ប្រមុខរដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍កម្ពុជា លោក ហួត ហាក់ បានស្កាត់ជួបជាមួយលោកស្រី Lam Thi Phoung Thanh រដ្ឋមន្រ្តីក្រសួងវប្បធម៍ កីឡា និង ទេសចរណ៍វៀតណាម ដើម្បីជជែកគ្នារិះរកការតភ្ជាប់«លំហូរទេសចរ»នៃប្រទេសទាំងពីរ ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ខណៈវៀតណាមបច្ចុប្បន្ន កំពុងទទួលបានឱកាសនៃកំណើនភ្ញៀវទេសចរ។ជំនួបនេះ ធ្វើឡើងក្នុងឱកាសអមដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅវៀតណាម។
នាឱកាសនេះ រដ្ឋមន្រ្តីទាំងពីរ បានផ្លាស់យោបល់ និងទស្សនៈស៊ីជម្រៅលើការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ អនុលោមតាមស្មារតីនៃជំនួបទ្វេភាគី និងពិភាក្សាការងារកម្រិតខ្ពស់រវាងសម្តេច ហ៊ុន ម៉ាណែត និងលោក ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ កម្ពុជា-វៀតណាម ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០២៣ ដោយបានឯកភាពលើផែនការសកម្មភាពការងារសំខាន់ៗ។
ក្នុងនោះ ភាគីទាំងពីរបានលើកឡើងពីការជំរុញការតភ្ជាប់ទេសចរណ៍តាមគ្រប់មធ្យោបាយ ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសបន្ថែមទៀត ជាពិសេស ឯកភាពក្នុងការតភ្ជាប់ខ្សែនាវាចរណ៍តាមសមុទ្ររវាងកំពង់ផែអន្តរជាតិកោះភូកួក និងកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត និងទេសចរណ៍តាមនាវាតាមបណ្តោយទន្លេមេគង្គនៃប្រទេសទាំងពីរ ដោយភ្ជាប់ពីទីក្រុងហូជីមិញមករាជធានីភ្នំពេញ និងខេត្តសៀមរាប និងអាចភ្ជាប់ទៅប្រទេសឡាវនាពេលអនាគត ដើម្បីជំរុញកំណើនទេសចររវាងប្រទេសទាំងពីរ និងពីប្រទេសទី៣។
ជាមួយគ្នានេះ ភាគីទាំងពីរក៏ពិភាក្សាពីការជំរុញតភ្ជាប់គោលដៅទេសចរណ៍សំខាន់ៗ រវាងប្រទេសទាំងពីរ ដោយជំរុញកិច្ចសហការរវាងផ្នែកឯកជនក្នុងការរៀបចំកញ្ចប់ទេសចរណ៍រួម ជាពិសេសការរៀបចំកញ្ចប់ទេសចរណ៍ទៅគោលដៅទេសចរណ៍បន្ទាប់បន្សំ (Secondary Destination) ដើម្បីបង្កើនរយៈពេលស្នាក់នៅរបស់ទេសចរក្នុងប្រទេសទាំងពីរ ក៏ដូចជាការធ្វើពិពិធកម្មផលិតផលទេសចរណ៍រួមគ្នា និងជំរុញកិច្ចការងារសំខាន់ៗមួយចំនួនទៀត៕