Img 1426
Swift cc time

សាកលវិទ្យាល័យសុខាភិបាលធំៗ២របស់អាម៉េរិក ជួបជាមួយក្រសួងសុខាភិបាលកម្ពុជា ស្វែងយល់ពីប្រព័ន្ធសុខាភិបាល និងលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងសុខាភិបាល)

ភ្នំពេញ៖ សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Utah និងសាកលវិទ្យាល័យ Brigham Young University (BYU) សហរដ្ឋអាម៉េរិក បានដឹកនាំនិស្សិតចំនួន ២១រូប ដែលមានមុខជំនាញសិក្សាចម្រុះក្នុងវិស័យសុខាភិបាល ការព្យាបាលដោយចលនា ការព្យាបាលបញ្ហាការនិយាយ និងធុរៈកិច្ច ជួបជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាល ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងសិក្សាស្វែងយល់អំពីប្រព័ន្ធសុខាភិបាល ការផ្តល់សេវាថែទាំសុខភាព ការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន។

ជំនួបខាងលើនេះត្រូវបានធ្វើឡើងនាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ រវាងលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជាមួយលោក Ted Morley សាស្ត្រាចារ្យនៃសាកលវិទ្យាល័យអាម៉េរិកទាំងពីរ និងជាប្រធានអង្គការ Alliance for International Medicine។

បើតាមក្រសួងសុខាភិបាល ជំនួបនេះមានគោលបំណងផ្លាស់ប្តូរបទពិសោធន៍ និងសិក្សាស្វែងយល់អំពីប្រព័ន្ធសុខាភិបាល ការផ្តល់សេវាថែទាំសុខភាព ការផ្តល់ហិរញ្ញប្បទានសុខាភិបាល ភាពជាអ្នកដឹកនាំក្នុងវិស័យសុខាភិបាល ក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន។

នាឱកាសនេះ លោកសាស្រ្តាចារ្យ ឈាង រ៉ា បានចែករំលែកអំពីវឌ្ឍនភាពនៃវិស័យសុខាភិបាលកម្ពុជា ដោយផ្តោតលើការពង្រឹងសេវាថែទាំសុខភាពគ្រប់កម្រិត ការលើកកម្ពស់សុខភាពសាធារណៈ និងការពង្រីកការគ្របដណ្តប់សុខភាពជាសកល តាមរយៈប្រព័ន្ធគាំពារសង្គម និងមូលនិធិសមធម៌សុខភាព។ ឯកឧត្តមក៏បានចែករំលែកទស្សនៈ និងបទពិសោធន៍ស្តីពីភាពជាអ្នកដឹកនាំក្នុងវិស័យសុខាភិបាល ដោយសង្កត់ធ្ងន់លើការធ្វើជាគំរូល្អ ការកសាងទំនុកចិត្ត និងការពង្រឹងសមត្ថភាពថ្នាក់ដឹកនាំជាបន្តបន្ទាប់។

លោកសាស្ត្រាចារ្យ ក៏បានលើកឡើងពីទិសដៅអាទិភាពនៃការអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជា ដោយផ្តោតលើការពង្រឹងការថែទាំសុខភាពបឋម ការលើកកម្ពស់សមធម៌សុខាភិបាល អភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព និងការកសាងប្រព័ន្ធសុខាភិបាលដែលមានភាពធន់ ដើម្បីធានាសុខភាព និងសុខុមាលភាពប្រជាជនប្រកបដោយចីរភាព៕



Khcct banner

អត្ថបទទាក់ទង