681 ezgif.com resize
Swift cc time

អ្នកនាំពាក្យក្រសួងព័ត៌មាន ណែនាំឱ្យសិស្សានុសិស្សប្រើប្រាស់ទូរស័ព្ទដោយមានការទទួលខុសត្រូវ ប្រុងប្រយ័ត្នចែកចាយព័ត៌មានក្លែងក្លាយ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន នាថ្ងៃទី៨ មិថុនា បានណែនាំឱ្យសិស្សានុសិស្សប្រើប្រាស់ទូរស័ព្ទ ឬឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា ជៀសវាងចែកចាយនិងទទួលគ្រោះថ្នាក់ដោយសារព័ត៌មានក្លែងក្លាយ។ ការលើកឡើងនេះ កំឡុងពេលលោក ទេព អស្នារិទ្ធ ផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យទួលអំពិល។

ក្នុងឱកាសនោះ លោក ទេព អស្នារិទ្ធ បានផ្តល់អនុសាសន៍ និងយន្តការសំខាន់ៗដល់សិស្សានុសិស្ស និងអ្នកប្រើប្រាស់បណ្តាញសង្គម និងសាធារណជនទាំងអស់ មុននឹងជឿ ឬចែករំលែក ត្រូវប្រាកដថាព័ត៌មាននោះមានប្រភពមកពីស្ថាប័នសារព័ត៌មានផ្លូវការ ឬគណនីផ្លូវការរបស់សមត្ថកិច្ច និងស្ថាប័នរដ្ឋ។

អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា ព័ត៌មានក្លែងក្លាយភាគច្រើនច្រើនតែប្រើចំណងជើងទាក់ទាញបំផ្លើស ឬបង្កការភ័យខ្លាច ឬបង្ហាញរូបភាពប្លែកដើម្បីទាក់ទាញ។ ដូច្នេះប្រសិនបើជួបប្រទះព័ត៌មានមិនពិត ត្រូវរួមគ្នាធ្វើការរាយការណ៍ (report post) នៅលើបណ្តាញសង្គមនោះ ដើម្បីឱ្យក្រុមហ៊ុនបណ្តាញសង្គមនោះពិនិត្យ និងលុបចោលមាតិកាក្លែងក្លាយនោះចោល។

គួរបញ្ជាក់ថា យុទ្ធនាការ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»ជំហានទី២ក្រោមប្រធានបទ«ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន»ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាល័យសម្តេចហ៊ុនសែនប៊ុន រ៉ានីវត្តភ្នំក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ យុទ្ធនាការជំហានទី២នេះ បាន និងកំពុងធ្វើដំណើរទៅតាមបណ្តាវិទ្យាល័យ អនុវិទ្យាល័យក្នុងរាជធានីភ្នំពេញ ខេត្តព្រះវិហារ និងបន្តទៅខេត្តផ្សេងៗទៀតជាបន្តបន្ទាប់ នៅទូទាំងប្រទេសក្នុងឆ្នាំ២០២៦នេះ៕

Khcct banner

អត្ថបទទាក់ទង