681 ezgif.com resize
Swift cc time

ទីប្រឹក្សាទទួលបន្ទុកការងារសេដ្ឋកិច្ចទូតចិន៖«កម្ពុជានៅតែជាគោលដៅវិនិយោគដ៏មានសក្តានុពល និងជាមិត្តដ៏គួរឱ្យទុកចិត្តបំផុតរបស់ចិន»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា)

ភ្នំពេញ៖ អតីតទីប្រឹក្សាទទួលបន្ទុកការងារសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្ម នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជានៅតែជាគោលដៅវិនិយោគដ៏មានសក្តានុពល និងជាមិត្តដ៏គួរឱ្យទុកចិត្តបំផុតរបស់ចិន ខណៈទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន នៅតែបន្តកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ នេះជាការលើកឡើងរបស់លោកស្រី Zhong Jie អតីតទីប្រឹក្សាទទួលបន្ទុកការងារសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្ម នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា នាឱកាសបញ្ចប់អាណត្តិរបស់ខ្លួន នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦។

នាឱកាសជួបសម្តែងការគួរសម និងជម្រាបលានៃការបញ្ចប់អាណត្តិបេសកកម្មនេះ លោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម និងការប្តេជ្ញាចិត្តខ្ពស់របស់លោកស្រី Zhong Jie ក្នុងអាណត្តិការងារកន្លងមក ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការជំរុញទំហំពាណិជ្ជកម្មទ្វេភាគី លើកកម្ពស់ការវិនិយោគផ្ទាល់ពីប្រទេសចិនមកកម្ពុជា និងការសម្របសម្រួលគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន។ សមិទ្ធផលទាំងនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការលូតលាស់សេដ្ឋកិច្ចកម្ពុជា និងបានពង្រឹងនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងមិត្តភាពដែកថែប (Ironclad Friendship) រវាងកម្ពុជា និងចិន ឱ្យកាន់តែចាក់ឫសយ៉ាងជ្រៅ។

ជាមួយគ្នានេះ លោកស្រី Zhong Jie បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលោក ស៊ុន ចាន់ថុល និងក្រុមការងារនៃ ក.អ.ក. ដែលជានិច្ចកាលតែងតែផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធ បង្កលក្ខណៈងាយស្រួល និងគាំទ្រដល់បេសកកម្មការទូតរបស់លោកស្រីឱ្យទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ លោកស្រីបានគូសបញ្ជាក់ថា កម្ពុជានៅតែជាគោលដៅវិនិយោគដ៏មានសក្តានុពល និងជាមិត្តដ៏គួរឱ្យទុកចិត្តបំផុតរបស់ចិន។

ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល ក៏បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក Xue Dong ក្នុងឱកាសទទួលបានការតែងតាំងជាទីប្រឹក្សាថ្មី។ អនុប្រធានរូបនេះ បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា លោក Xue Dong នឹងបន្តវប្បធម៌សហប្រតិបត្តិការដ៏ល្អនេះ ដោយបន្តជំរុញ និងទាក់ទាញវិនិយោគិនចិនដែលមានសក្តានុពលខ្ពស់មកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត៕


Khcct banner

អត្ថបទទាក់ទង