ភ្នំពេញ៖ ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៦នេះ ប្រទេសកម្ពុជាបានសម្រេចនៃការនាំចេញ«អង្ករ»ទៅក្រៅប្រទេសបានចំនួន ៥៦៨ ៩១២ តោន គិតជាទឹកប្រាក់ចំនួន ៣២៧.៤៣ លានដុល្លារ។នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា។
យោងតាមរបាយការណ៍ ក្នុងរយៈពេល៥ខែ នៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥៦៨ ៩១២ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦១ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៣ ក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ៣១ បានបរិមាណអង្ករចំនួន ១៥៤ ២៥៤ តោន គិតជាទឹកប្រាក់ចំនួន ១០៥.១២ លានដុល្លារ។
ការនាំចេញមានទៅប្រទេសចិន និងហុងកុង ចំនួន ១៦២ ១២៥ តោន គិតជាទឹកប្រាក់ចំនួន ៩៤.៩២ លានដុល្លារ ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៥ ប្រទេសបានបរិមាណចំនួន ២០៨ ៥៩៣ តោន គិតជាទឹកប្រាក់ចំនួន ៨៧.៣២ លានដុល្លារ និងទៅកាន់គោលដៅ ២៤ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន។ល។ បានចំនួន ៤៣ ៩៤០ តោន គិតជាទឹកប្រាក់ចំនួន ៤០ .០៧ លានដុល្លារ។
ប្រភេទអង្ករបាននាំចេញមាន អង្ករក្រអូបចំនួន ៥៩.២០% ប្រភេទអង្ករសគ្រាប់វែង ២២.២៨% អង្ករចំហុយ ១.៧២% អង្ករសរីរាង្គចំនួន ១.០៤% អង្ករបាក់គ្រប់ប្រភេទ ១៥.៥៨% និងអង្ករផ្សេងៗចំនួន ០.១៨% ។តាមរបាយការណ៍ កម្ពុជាក៏បាននាំចេញស្រូវចំនួន ២ ៧៥៣ ៨១៦ តោនស្រូវសើម គិតជាទឹកប្រាក់ប៉ាន់ប្រមាណបានចំនួន ៥៩១.៤១ លានដុល្លារ៕