ភ្នំពេញ៖ កម្ពុជានិងសហរដ្ឋអាម៉េរិក បានជោគជ័យលើការចរចា បញ្ចប់«កិច្ចព្រមព្រៀងអាកាសចរណ៍ Open Skies Agreement» ក្រោយពីចាយពេលចរចារយៈពេល ១២ ឆ្នាំ។កិច្ចព្រមព្រៀងនេះ នឹងបើកផ្លូវឱ្យមានការហោះហើរត្រង់រវាងប្រទេសទាំងពីរ ខណៈអាម៉េរិកបានប្រកាសគាំទ្រការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ ជាពិសេស ពាក់ព័ន្ធនឹង «អាកាសយានដ្ឋានអន្តរជាតិតេជោ»របស់កម្ពុជា។
កិច្ចព្រមព្រៀង Open Skies Agreement (កិច្ចព្រមព្រៀងបើកចំហជើងមេឃ) គឺជាកិច្ចព្រមព្រៀងចំហទីផ្សារដឹកជញ្ជូនផ្លូវអាកាសទ្វេភាគី ឬពហុភាគី ដែលមានគោលបំណងលើកកម្ពស់សេរីភាវូបនីយកម្មនៃទីផ្សារដឹកជញ្ជូនផ្លូវអាកាស តាមរយៈការបន្ធូរបន្ថយ ឬលុបបំបាត់ការរឹតបន្តឹងមួយចំនួនលើប្រតិបត្តិការអាកាសចរណ៍អន្តរជាតិ ក្នុងនោះមានជាអាទិ៍៖ ចំនួនជើងហោះហើរដែលអាចប្រតិបត្តិការ, ចំនួនក្រុមហ៊ុនអាកាសចរណ៍ដែលអាចកំណត់ឱ្យប្រតិបត្តិការ, សមត្ថភាពដឹកជញ្ជូនអ្នកដំណើរ និងទំនិញ, ប្រភេទ និងទំហំយន្តហោះដែលអាចប្រើប្រាស់ និង ទិសដៅ ការតភ្ជាប់ និង សិទ្ធិដឹកជញ្ជូនផ្លូវអាកាស (Traffic Rights)។
កិច្ចព្រមព្រៀងប្រភេទនេះ ផ្តល់ឱ្យក្រុមហ៊ុនអាកាសចរណ៍នៃប្រទេសជាភាគីនូវភាពបត់បែន និង សេរីភាពកាន់តែទូលំទូលាយក្នុងការរៀបចំបណ្តាញជើងហោះហើរ បង្កើតភាពជាដៃគូអាជីវកម្ម ពង្រីកការតភ្ជាប់អន្តរជាតិ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារបានកាន់តែមានប្រសិទ្ធភាព។
ចំពោះកម្ពុជា កិច្ចព្រមព្រៀង Open Skies មិនមែនគ្រាន់តែជាកិច្ចព្រមព្រៀងស្តីពីសិទ្ធិដឹកជញ្ជូនផ្លូវអាកាសប៉ុណ្ណោះទេ ប៉ុន្តែជាឧបករណ៍គោលនយោបាយដ៏សំខាន់មួយសម្រាប់ពង្រឹងការតភ្ជាប់អន្តរជាតិ ជំរុញពាណិជ្ជកម្ម ទេសចរណ៍ ការវិនិយោគ និងការអភិវឌ្ឍវិស័យភស្តុភារកម្ម។ ជាពិសេស វាបង្កើតក្របខ័ណ្ឌអំណោយផលសម្រាប់ការពង្រីកការតភ្ជាប់រវាងកម្ពុជា និងទីផ្សារអាកាសចរណ៍សំខាន់ៗរបស់សហរដ្ឋអាមេរិក តាមរយៈជើងហោះហើរតភ្ជាប់ (Connecting Services) កិច្ចព្រមព្រៀង Codeshare និង សក្តានុពលនៃសេវាដឹកជញ្ជូនផ្លូវអាកាសត្រង់នាពេលអនាគត នៅពេលមានលក្ខខណ្ឌពាណិជ្ជកម្មសមស្រប។
លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិលកម្ពុជា បានប្រាប់ ស៊ីស៊ីថាមស៍ថា ការគាំទ្ររបស់អាម៉េរិក ចំពោះអាកាសយានដ្ឋានអន្តរជាតិតេជោ និង ការសម្រេចបាន Open Skies Agreement គឺជាសញ្ញាបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាជាគោលដៅដ៏មានស្ថិរភាព និង កំពុងបន្តដើរទៅមុខក្នុងមាគ៌ាដ៏ត្រឹមត្រូវក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ស្តង់ដារអន្តរជាតិ ពង្រឹងការតភ្ជាប់សកល និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់ខ្លួនក្នុងតំបន់ និងលើឆាកអន្តរជាតិ។
លោកចាត់ទុកសមិទ្ធផលនេះ គឺឆ្លុះបញ្ចាំងពីការកើនឡើងនៃភាពជឿជាក់របស់វិនិយោគិន និងដៃគូអភិវឌ្ឍន៍អន្តរជាតិចំពោះវិស័យអាកាសចរណ៍ និង បរិយាកាសវិនិយោគរបស់កម្ពុជា ដែលនឹងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងភស្តុភារកម្មក្នុងរយៈពេលវែង។
ចំណែកអ្នកជំនាញសេដ្ឋកិច្ចមួយចំនួនធ្លាប់បាន លើកឡើងថា កិច្ចព្រមព្រៀង Open Skies នេះនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការពង្រីក និងពង្រឹងការតភ្ជាប់ ផ្លូវអាកាសរវាងកម្ពុជា និងទីផ្សារសំខាន់ៗរបស់អាម៉េរិក តាម រយៈការអភិវឌ្ឍសេវាដឹកជញ្ជូនផ្លូវអាកាសត្រង់នាពេលអនាគត នៅពេលមានលក្ខខណ្ឌពាណិជ្ជកម្ម និង ទីផ្សារសមស្រប ក៏ដូចជាការពង្រីកការតភ្ជាប់តាមរយៈជើងហោះហើរតភ្ជាប់ (Connecting Services) កិច្ចព្រមព្រៀង Codeshare និងភាពជាដៃគូរវាងក្រុមហ៊ុនអាកាសចរណ៍។
ក្នុងរយៈពេលវែង កិច្ចព្រមព្រៀង Open Skies នេះនឹងរួមចំណែកពង្រឹងការតភ្ជាប់ផ្នែកទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ និងភស្តុភារកម្មអន្តរជាតិ ព្រមទាំងគាំទ្រដល់ចក្ខុវិស័យរបស់កម្ពុជា ក្នុងការអភិវឌ្ឍខ្លួនឱ្យក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ (Aviation Hub) ទេសចរណ៍ ពាណិជ្ជកម្ម និងភស្តុភារកម្មដ៏សំខាន់មួយនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ៕