681 ezgif.com resize
Swift cc time

សភាសហព័ន្ធអាល្លឺម៉ង់ ប្ដេជ្ញាជំរុញរលកនៃការវិនិយោគពីអាល្លឺម៉ង់មកកម្ពុជា កាន់តែច្រើននាពេលអនាគត

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា)

ភ្នំពេញ៖ គណៈប្រតិភូសភា នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ (German Bundestag) បានប្តេជ្ញាចិត្តខ្ពស់ក្នុងការសម្របសម្រួល និងសហការយ៉ាងជិតស្និទ្ធ ដើម្បីជម្រុញឱ្យមានរលកនៃការវិនិយោគពីប្រទេសអាល្លឺម៉ង់មកកាន់កម្ពុជាកាន់តែច្រើនឡើងនាពេលអនាគត សំដៅនាំមកនូវផលប្រយោជន៍ទៅវិញទៅមក សម្រាប់ជាតិ និងប្រជាជននៃប្រទេសកម្ពុជា និងអាល្លឺម៉ង់។ ការប្ដេជ្ញានេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយលោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦។

នាឱកាសនេះ លោក ស៊ុន ចាន់ថុល បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌរដ្ឋាភិបាល និងប្រជាជនទូទៅ។ ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលជាតួអង្គសំខាន់មួយក្នុងការចូលរួមគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជានាពេលកន្លងមក។

ជាការឆ្លើយតប លោក Thomas Rachel សមាជិកគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ នៃសភាសហព័ន្ធអាល្លឺម៉ង់ ក៏បានវាយតម្លៃខ្ពស់ចំពោះការពិភាក្សាផ្លាស់ប្តូរយោបល់ត្រង់ទៅត្រង់មកក្នុងស្មារតីភាតរភាពជុំវិញប្រធានបទយុទ្ធសាស្ត្រមួយចំនួន រួមមាន៖ ទិសដៅនៃការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ និងថ្នាក់ជាតិនាពេលខាងមុខ, ការបន្សាំខ្លួនរបស់កម្ពុជានៅក្នុងបរិបទនៃការប្រែប្រួលសកល, ការលើកកម្ពស់តួនាទីស្ត្រីក្នុងវិស័យរដ្ឋ, និងយុទ្ធសាស្ត្រជំរុញការវិនិយោគផ្ទាល់ពីបរទេស (FDI) របស់រាជរដ្ឋាភិបាលកម្ពុជា។

បន្ថែមពីនេះ លោក ស៊ុន ចាន់ ថុល ក៏បានលើកឡើងពីឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា រួមមាន ស្ថិរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ចដ៏រឹងមាំ ការយកចិត្តទុកដាក់លើការបណ្តុះបណ្តាលធនធានមនុស្ស និងកំណែទម្រង់មុតស្រួចនានា សំដៅបង្កលក្ខណៈងាយស្រួលដល់បរិយាកាសធុរកិច្ច។

អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានបង្ហាញពីវឌ្ឍនភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្ររបស់កម្ពុជា ជាពិសេសផែនការការពង្រីកវិសាលភាពកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ និងគម្រោងព្រែកជីកហ្វូណនតេជោ ដែលគម្រោងអភិវឌ្ឍន៍ទាំងនេះ នឹងជួយកាត់បន្ថយថ្លៃដើមដឹកជញ្ជូនយ៉ាងសំខាន់ និងពង្រឹងភាពប្រកួតប្រជែងលើវិស័យភស្តុភារកម្មរបស់កម្ពុជានៅក្នុងតំបន់៕


Khcct banner

អត្ថបទទាក់ទង