ភ្នំពេញ៖ សមាគមអ្នកនាំចូល និងចែកចាយស្រាបៀរ និងស្រា (WSBIDA) ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU) ជាមួយសម្ព័ន្ធអន្តរជាតិសម្រាប់ការទទួលទានគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ(IARD) លើគំនិតផ្តួចផ្តើមរួមគ្នាដើម្បីលើកកម្ពស់ស្តង់ដារនៃការលក់រាយប្រកបដោយការទទួលខុសត្រូវ។ ពិធីចុះMoUនេះត្រូវបាធ្វើឡើងក្រោមអធិបតីភាពលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦។ នេះបើតាមការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្ម។
នាឱកាសនេះ លោកស្រី ចម និម្មល បានអបអរសាទរចំពោះគំនិតផ្តួចផ្តើមនេះ ដែលមានគោលបំណងពង្រឹងការលក់ប្រកបដោយការទទួលខុសត្រូវ បង្កើនការយល់ដឹងរបស់អ្នកលក់រាយ និងកសាងសមត្ថភាពបុគ្គលិក។ លោកស្រីបានគូសបញ្ជាក់ថា គំនិតផ្តួចផ្តើមនេះស្របនឹងទិសដៅរបស់កម្ពុជា ក្នុងការកសាងទីផ្សារប្រកបដោយការទទួលខុសត្រូវ ដើម្បីការពារអ្នកប្រើប្រាស់ និងធានាបានការប្រកួតប្រជែងដោយស្មើភាព។
លោកស្រីក៏បានគូសបញ្ជាក់ពីការគាំទ្ររបស់ក្រសួងពាណិជ្ជកម្មចំពោះកិច្ចសហការនេះ និងការបន្តកិច្ចសន្ទនាជាមួយវិស័យឯកជន ដើម្បីធានាថាសកម្មភាពអាជីវកម្មរបស់ពួកគេគឺអនុវត្តស្របតាមបទប្បញ្ញត្តិ និងគោលនយោបាយជាតិ។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរូបនេះ ក៏បានលើកទឹកចិត្តឱ្យប្រែក្លាយការប្តេជ្ញាចិត្តទៅជាសកម្មភាពជាក់ស្តែង ដើម្បីពង្រឹងសមត្ថភាពអ្នកលក់រាយ ប្រកបដោយការទទួលខុសត្រូវ ឈរលើគោលការណ៍នៃកិច្ចការពារអ្នកប្រើប្រាស់ ព្រមទាំងកសាងទីផ្សារដែលមានការប្រកួតប្រជែងដោយស្មើភាព៕