681 ezgif.com resize
Swift cc time

ក្រសួងទេសចរណ៍ និងក្រសួងអភិវឌ្ឍន៍ជនបទ ចុះMOUរួមគ្នាជំរុញការកសាងសម្បទា«ទេសចរណ៍នៅតំបន់ជនបទ»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី១ មិថុនា បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការភាពជាដៃគូលើការជំរុញការងារអភិវឌ្ឍវិស័យទេសចរណ៍ និងវិស័យអភិវឌ្ឍន៍ជនបទ»។ កិច្ចសហប្រតិបត្តិការនេះ នឹងជំរុញការកសាងសម្បទាទេសចរណ៍នៅតំបន់ជនបទ ពង្រីកកំណើនភ្ញៀវទេសចរមកកម្ពុជា។

នាថ្ងៃទី១ មិថុនានេះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងទេសចរណ៍ និងក្រសួងអភិវឌ្ឍន៍ជនបទ ស្តីពី «កិច្ចសហប្រតិបត្តិការភាពជាដៃគូលើការជំរុញការងារអភិវឌ្ឍវិស័យទេសចរណ៍ និងវិស័យអភិវឌ្ឍន៍ជនបទ»។

អនុស្សរណៈនៃការយោគយល់គ្នានេះ ដើម្បីសម្រេចឱ្យបាននូវគោលបំណងសំខាន់ៗ ចំនួន៣ រួមមាន៖ ទី១). ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរដើម្បីលើកម្ពស់វិស័យទេសចរណ៍ និងជំរុញការកសាងសម្បទា ទេសចរណ៍នៅតំបន់ជនបទ ពិសេសការតភ្ជាប់ផ្លូវគមនាគមន៍ជនបទ ការផ្គត់ផ្គង់ទឹកស្អាត អនាម័យជនបទ អភិវឌ្ឍន៍សហគមន៍ជនបទ និងភូមិគំរូ ដើម្បីបង្កើនចំណូលរបស់ប្រជាជននៅតាមជនបទ។

ទី២). បង្កើនប្រសិទ្ធភាពក្នុងការផ្ដល់សេវាសាធារណៈ និងលើកកម្ពស់លក្ខខណ្ឌនៃការរស់នៅរបស់ប្រជាជននៅតំបន់ជនបទ និងជំរុញកំណើនភ្ញៀវទេសចរ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន និងទី៣). ផ្លាស់ប្តូរ និងចែករំលែកបទពិសោធ បច្ចេកទេស និងព័ត៌មានពាក់ព័ន្ធនឹងការអភិវឌ្ឍជនបទ និងទេសចរណ៍ ដើម្បីជំរុញការអភិវឌ្ឍតាមបែបសហថាមពល និងប្រើប្រាស់ធនធានដែលមានស្រាប់ឱ្យអស់លទ្ធភាព៕

Khcct banner

អត្ថបទទាក់ទង