ភ្នំពេញ៖ ចាប់តាំងពីដើមឆ្នាំ២០២៦មក រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសចាត់វិធានការក្តៅ ក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ(Online Scams) ចេញពីប្រទេសដោយចាត់ទុកថា ប្រយោជន៍ដែលទទួលបានពី Online Scams គឺជាសេដ្ឋកិច្ចខ្មៅ ដែលត្រូវតែលុបបំបាត់។ ក្រុមអ្នកជំនាញ ក្នុងវិស័យសេដ្ឋកិច្ច និង ពាណិជ្ជកម្ម បានបន្តសាទរចំពោះវិធានការនេះ ព្រោះវានឹងជួយឱ្យសេដ្ឋកិច្ចកម្ពុជារីកលូតលាស់រយៈពេលវែង តាមរយៈទំនុកចិត្តពីក្រុមអ្នកវិនិយោគ ភ្ញៀវទេសចរ មកលើកម្ពុជា។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងប្រាប់សារព័ត៌មាន ស៊ីស៊ីថាមស៍ ភាសាខ្មែរថា លោកបន្តគាំទ្រ និងសាទរ ពេញទំហឹងក្នុងការបង្រ្កាប Online Scams របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់កុំឱ្យលេចលឺពាក្យថា Scambodia ទៅអន្តរជាតិបន្តទៀត ហើយវាពិតជាសំខាន់ណាស់សម្រាប់កិត្តិយសជាតិរបស់កម្ពុជា ក៏ដូចជាអនាគតសេដ្ឋកិច្ច សុខសុវត្ថិភាពរបស់ប្រទេសកម្ពុជា។
អ្នកជំនាញរូបនេះ ទទួលស្គាល់ថា នៅពេល Online Scams ចូលមកក្នុងប្រទេសកម្ពុជា អគារ និង ដីធ្លីមួយចំនួនត្រូវបានជួល នាំឱ្យចរន្តសេដ្ឋកិច្ចដើរបានមួយផ្នែក។ដូច្នេះ ការបោសសំអាតនេះ អាចនឹងជះឥទ្ធិពលអវិជ្ជមានតិចតួចដល់ចរន្តសេដ្ឋកិច្ច ហើយប៉ះពាល់ក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ តែបានផលក្នុងរយៈពេលវែង នោះគឺការផ្តល់ទំនុកចិត្តដល់វិនិយោគិនបរទេសឱ្យមកវិនិយោគនៅកម្ពុជា។
ចំណែកលោកស្រីបណ្ឌិត ព្រុំ ទេវី អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានមើលឃើញថា តាមរយៈការបោសសំអាត Online Scams កន្លងទៅនេះ គឺលោកស្រីតែងតែគាំទ្រ ព្រោះវាជាកត្តាយ៉ាងសំខាន់នៃការផ្តល់ទំនុកចិត្ត សម្រាប់ទាក់ទាញវិនិយោគិនបរទេសដែលចង់មកវិនិយោគនៅកម្ពុជា ជាពិសេសភ្ញៀវទេសចរ។ដូចអ្នកឧកញ៉ា លឹម ហេង ដែរ លោកស្រី ទេវី ទទួលស្គាល់ថា ការចាត់វិធានការបង្រ្កាបនេះ នឹងប៉ះពាល់សេដ្ឋកិច្ចមូលដ្ឋាន ជាពិសេសម្ចាស់ផ្ទះជួល និង អ្នកផ្តល់សេវាកម្មផ្សេងៗទាក់ទងនឹងការឆបោកតាមប្រព័ន្ធអនឡាញជាដើម។
តែយ៉ាងណាលោកស្រី លើកទឹកចិត្តឱ្យអ្នកធ្លាប់ទទួលបានផលប្រយោជន៍ពីក្រុម Online Scams ត្រូវខំរកមុខរបរថ្មីដែលមានភាពស្របច្បាប់ និង ត្រឹមត្រូវ ទោះមិនបានប្រាក់កម្រៃច្រើនតែអាចមានភាពឋិតថេរ និង សាងកេរ្តិ៍ឈ្មោះល្អដល់ខ្លួនឯង និងសង្គមជាតិ។
ជាមួយគ្នានេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចកម្ពុជា ពន្យល់ថា ការបង្រ្កាបគឺតែងតែមានផលប៉ះពាល់ខ្លះ ក៏ប៉ុន្តែផលប៉ះពាល់នេះនឹងកើតមានឡើងត្រឹមតែរយៈពេលខ្លី ហើយអាចនឹងដោះស្រាយបាន សេដ្ឋកិច្ចក៏នឹងមានការកែតម្រូវខ្លួនឯងវិញ ហើយនឹងធ្វើឱ្យមានកំណើនសេដ្ឋកិច្ចរយៈពេលវែងឡើងវិញ។
អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បន្ថែមថា ការបង្ក្រាបស្គេមអនឡាញនេះ មិនត្រឹមតែផ្តល់ទំនុកចិត្តដល់វិនិយោគិនបរទេសមកកម្ពុជានោះទេ ថែមទាំងផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរ និងបណ្ដាប្រទេសជាមិត្ត បណ្ដាប្រទេសនានានៅលើសកលលោកដែលទុកចិត្តលើកម្ពុជាថាពិតជាបានរួមចំណែកនៅក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មអន្តរជាតិពិតប្រាកដមែន៕