681 ezgif.com resize
Swift cc time

សម្ដេច ហ៊ុន សែន ស្នើឱ្យមិត្តចិនពិចារណាលើគម្រោងសាងសង់ផ្លូវ និងស្ពានតភ្ជាប់កំពង់ឆ្នាំង និងកំពង់ធំ និងត្រូវបន្តយកចិត្តទុកដាក់ខ្ពស់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ខេត្តកំពង់ឆ្នាំង៖ សម្ដេច ហ៊ុន សែន នៅតែយកចិត្តទុកដាក់ខ្ពស់លើគម្រោងសាងសង់ផ្លូវ និងស្ពានតភ្ជាប់កំពង់ឆ្នាំង និងកំពង់ធំ និងបានស្នើឱ្យមិត្តចិនពិចារណាលើគម្រោងនេះ បើទោះជាបច្ចុប្បន្នគម្រោងមួយនេះមិនទាន់បានដំណើរការនៅឡើយក្តី។ ប្រសាសន៍នេះត្រូវបានលើកឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។

នាឱកាសនេះ សម្ដេច ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការតភ្ជាប់បណ្តាញដឹកជញ្ជូនរវាងខេត្តជុំវិញបឹងទន្លេសាបទាំងផ្លូវទឹក និងផ្លូវគោក មានសារៈសំខាន់ណាស់សម្រាប់ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ សម្តេចក៏បានលើកឡើងពីគម្រោងផ្លូវជាតិលេខ៥០សេ ដែលជាផ្លូវមួយខ្សែតភ្ជាប់រវាងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ ព្រោះគម្រោងផ្លូវមួយខ្សែនេះត្រូវបានសម្តេចប្រកាសពីការសាងសង់ក្នុងពេលសម្តេចនៅកាន់តួនាទីជានាយករដ្ឋមន្ត្រី ហើយមកដល់ពេលនេះ គម្រោងមួយនេះមិនទាន់បានដំណើរការនៅឡើយទេ។

បច្ចុប្បន្ន បើទោះបីគម្រោងនេះមិនទាន់មានដំណើរការក្តី អាជ្ញាធរតាមរយៈក្រុមហ៊ុនគ្លូប៊លគ្រីន បានសាងសង់ផ្លូវដីពីឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទៅកាន់ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ប្រវែង ១៧គីឡូម៉ែត្រ។ ការលើកកម្ពស់ផ្លូវដីនេះ ជួយសម្រួលឱ្យប្រជាពលរដ្ឋធ្វើចរាចរណ៍បានទាំងខែវស្សា និងខែប្រាំង ព្រោះលែងលិចទឹកទន្លេក្នុងខែវស្សាដូចឆ្នាំមុនៗទៀតហើយ

គួររំលឹកថា កាលពីនៅជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ធ្លាប់បានបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ៥០សេ និងស្ពាន ដែលមានប្រវែងសរុបជិត៦០គីឡូម៉ែត្រនេះ ត្រូវបានសិក្សារួចរាល់ហើយ។ គម្រោងសាងសង់ផ្លូវ៥០សេ នឹងសាងសង់ជាផ្លូវបេតុងកៅស៊ូ (AC) និងមានលូជាង១០០កន្លែង មានស្ពានដើម្បីបើកមុខទឹកឱ្យត្រីឆ្លងកាន់ និងសម្រាប់ប្រជាពលរដ្ឋអាចអ៊ំទូកឆ្លងកាត់ ហើយផ្លូវនេះក៏នឹងមានការតភ្ជាប់ជាមួយនឹងស្ពានដ៏វែងមួយ មានប្រវែងរហូតដល់៤គីឡូម៉ែត្រ ដែលជាស្ពានវែងជាងគេនៅកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង