ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានប្រកាសជាថ្មីពីការធានាសុខសុវត្តិភាព និងគុណភាពសេវាកម្មទេសចរណ៍ ជូនភ្ញៀវទេសចរ និង វិនិយោគិនអន្តរជាតិ ដែលចូលមកក្នុងគោលបំណងទេសចរ និង ធុរកិច្ចយ៉ាងពិតប្រាកដ។ការប្រកាសនេះ ដោយរដ្ឋមន្ត្រី ពន្យល់ថា ដោយសារវិធានការក្តៅរបស់រាជរដ្ឋាភិបាលកម្ពុជ ប្រឆាំងនឹង online Scam ៖ zero scam online policy និង មានច្បាប់ប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ក្នុងជំនួបជាមួយ ក្រុមប្រតិភូចិនជាច្រើននាក់កាលពីម្សិលមិញ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រាប់ពីគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពី Pilot Project Free Visa តាមរយៈយុទ្ធនាការរយៈពេល ៤ខែនេះ កម្ពុជា រំពឹងទុក អាចទាក់ទាញភ្ញៀវទេសចរចិនកាន់តែច្រើនបន្ថែមទៀត ដោយយ៉ាងហោចណាស់៥០ម៉ឺននាក់ ដែលរាជរដ្ឋាភិបាល និង វិស័យឯកជនកម្ពុជា បានត្រៀមខ្លួនរួចរាល់ក្នុងការត្រៀមទទួលភ្ញៀវចិន ក្នុងអំឡុងពេលសាកល្បង ៤ ខែនេះ។
បើតាមផែនការ ប្រមុខក្រសួងទេសចរណ៍កម្ពុជា នឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅរដ្ឋធានីប៉េកាំង នៅថ្ងៃទី៤ ខែមិថុនា ខាងមុខ ដើម្បីរៀបចំកម្មវិធីប្រកាសជាផ្លូវការនៃការអនុវត្ត Pilot Project Free Visa នេះ។នេះជាឱកាស កម្ពុជាស្វាគមន៍ការផ្សព្វផ្សាយរួមគ្នាបន្ថែមទៀតរវាងវិស័យឯកជន ចិន និង កម្ពុជាផងដែរ ហើយអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ត្រៀមដាក់ដំណើរការនូវ smart gate នៅអាកាសយានដ្ឋានអន្តរជាតិតេជោ និង សៀមរាបដើម្បីទទួលភ្ញៀវចិន។
ជាការធានាជាថ្មី រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានគូសបញ្ជាក់ពីសុវត្ថិភាព សន្តិសុខ និង គុណភាពសេវាកម្មទេសចរណ៍ ដែលរាជរដ្ឋាភិបាលកម្ពុជា មានការប្តេជ្ញាចិត្តមោះមុតក្នុងការប្រយុទ្ធប្រឆាំងនឹង online Scam ៖ zero scam online policy, មានច្បាប់ប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, និងដាក់ចេញវិធានការក្តៅបង្ក្រាប online scam នៅទូទាំងប្រទេស។
បន្ថែមពីនេះ លោកបញ្ជាក់បន្ថែម ចំពោះគុណភាពសេវាកម្មទេសចរណ៍ កម្ពុជានឹងរៀបចំ យន្តការ China Ready៖ ក្រសួងទេសចរណ៍ បានចុះវាយតម្លៃលើអាជីវកម្មទេសចរណ៍ ផ្តល់វិញ្ញាបនបត្រ China Ready ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរចិន និង ភ្ញៀវចិនអាចទទួលបានសេវាកម្មប្រកបដោយភាពទុកចិត្តផងដែរ។
ក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,៦ លាននាក់ ក្នុងនោះភ្ញៀវទេសចរចិនមានចំនួនជាង ១,២ លាននាក់ កើនឡើងជិត ៤២% ហើយស្ថិតក្នុងលំដាប់ទី២ នៃទីផ្សារទេសចរអន្តរជាតិមកកម្ពុជា ហើយចាប់ពីថ្ងៃទី១៥ ខែមិថុនា រហូតដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ សម្រាប់ភ្ញៀវទេសចរចិនដែលមានលិខិតឆ្លងដែនចិន អាចធ្វើដំណើរចេញចូលប្រទេសកម្ពុជាដោយពុំចាំបាច់មានទិដ្ឋាការ (Visa Free) ឡើយ៕