681 ezgif.com resize
Swift cc time

សម្តេច ហ៊ុន សែន ពេញចិត្តចំពោះក្រុមអ្នកវិនិយោគកូរ៉េខាងត្បូងលើផ្នែកកសិកម្ម ជាពិសេសចន្ទី ចំពេលកម្ពុជាកំពុងត្រូវការការកែច្នៃនាំចេញ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៊ីនឆន់ បានលើកឡើងក្នុងជំនួបជាមួយសម្ដេច ហ៊ុន សែន ថាប្រទេសកម្ពុជា ជាប្រទេសមួយដែលទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនកូរ៉េខាងត្បូង ហើយក្រុមអ្នកវិនិយោគទាំងនោះកំពុងស្វែងរកឱកាសវិនិយោគនៅប្រទេសកម្ពុជាបន្ថែមទៀត ជាពិសេសទៅលើវិស័យកសិកម្ម ហើយអ្វីដែលជាការកត់សម្គាល់សំខាន់នោះគឺទៅលើស្វាយចន្ទី។ ជាមួយគ្នានេះ សម្តេច ហ៊ុន សែន បានបង្ហាញការពេញចិត្តចំពោះក្រុមអ្នកវិនិយោគកូរ៉េខាងត្បូងលើផ្នែកកសិកម្ម ជាពិសេសចន្ទី ចំពេលកម្ពុជាកំពុងត្រូវការការកែច្នៃនាំចេញ។

នាឱកាសនេះ លោក Park Joo Bong) ប្រធានក្រុមហ៊ុន Daejoo KC Group និងជាប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៊ីនឆន់ បានលើកឡើងនូវទិដ្ឋភាពបរិយាកាសនៃការវិនិយោគនៅក្នុងប្រទេសកម្ពុជាដោយលោកបានរំលេចថា ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលមានសុវត្ថិភាពហើយទទួលបានការចាប់អារម្មណ៍ពីអ្នកវិនិយោគរបស់សាធារណរដ្ឋកូរ៉េ។ លោកបន្តថានៅពេលនេះក្រុមអ្នកវិនិយោគកំពុងតែស្វែងរកឱកាសបន្ថែមទៀតដើម្បីវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាពិសេសទៅលើវិស័យកសិកម្ម ហើយអ្វីដែលជាការកត់សម្គាល់សំខាន់នោះគឺទៅលើស្វាយចន្ទី។

ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា សម្ដែងការអរគុណចំពោះការចាប់អារម្មណ៍របស់អ្នកវិនិយោគសាធារណរដ្ឋកូរ៉េមកកាន់ប្រទេសកម្ពុជា។ សម្ដេច សម្ដែងនូវការពេញចិត្តចំពោះការចាប់អារម្មណ៍ទៅលើការវិនិយោគផ្នែកកសិកម្មពោលគឺស្វាយចន្ទី ដោយសម្ដេចបានរំលេចថា ប្រទេសកម្ពុជាមាននូវផលិតផលជាច្រើនសម្រាប់ធ្វើការវិនិយោគបន្តទៀត ជាពិសេសគឺផលិតផលកសិកម្មដែលជាវត្ថុធាតុដើម។ សម្ដេចបន្តទៀតថា អ្វីដែលកម្ពុជាត្រូវការបន្ថែមនោះគឺអ្នកវិនិយោគដែលអាចកែច្នៃនូវកសិផលរបស់កម្ពុជាដើម្បីយកទៅលក់នៅទីផ្សារកូរ៉េផង និងនៅលើទីផ្សារពិភពលោកផង។

សម្ដេចបានមានប្រសាសន៍បន្តទៀតថា ចំណុចស្នូលនៃទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េ គឺពាណិជ្ជកម្ម និងការវិនិយោគ ដូច្នេះតាមរយៈក្រុមអ្នកវិនិយោគរបស់កូរ៉េខាងត្បូងមកកាន់ប្រទេសកម្ពុជានៅពេលនេះ គឺជាឱកាសបន្ថែមទៀតដើម្បីធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ សម្ដេចបានសង្កត់ធ្ងន់ទៅលើទំនាក់ទំនងរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលពេលនេះជាដៃគូយុទ្ធសាស្ត្រជាមួយគ្នាហើយសម្ដេចសង្ឃឹមថា ទៅថ្ងៃខាងមុខ ជាពិសេសនៅក្នុងឱកាសខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េឡើងវិញនោះ គឺប្រទេសទាំងពីរនឹងអាចដើរដល់ជំហានមួយទៀតគឺការបង្កើតជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយគ្នា៕


Khcct banner

អត្ថបទទាក់ទង