ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាគិតមកដល់ពេលនេះ មិនទាន់ពិចារណាការហាមឃាត់នាំចូលគ្រឿងសមុទ្រពីថៃ ខណៈរដ្ឋាភិបាលឡាវបានបិទការនាំចូលគ្រឿងសមុទ្រពីថៃជាបណ្តោះអាសន្ន បន្ទាប់ពីមានការផ្ទុះឡើងនូវការឆ្លងកូវីដ១៩ចូលក្នុងសហគមន៍ទ្រង់ទ្រាយធំនៅក្នុងប្រទេសថៃ។
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មកម្ពុជា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅព្រឹកនេះថា គិតមកដល់ពេលនេះ កម្ពុជាមិនទាន់ពិចារណាការហាមឃាត់នាំចូលគ្រឿងសមុទ្រពីថៃ។ ទាក់ទងនឹងបញ្ហានេះ លុះត្រាតែមានតេស្តពីក្រសួងសុខាភិបាលកម្ពុជា នោះទើបខាងក្រសួងកសិកម្មចាត់វិធានការភ្លាមៗ។
បើតាមឯកឧត្តមរដ្ឋមន្រ្តី ដោយឡែកវិធានការរបស់ក្រសួងសុខាភិបាលកម្ពុជាកន្លងទៅដូចជាមិនទាន់មានការចាត់ចែងនូវបញ្ហាទាក់ទងនឹងការនាំចូលគ្រឿងសមុទ្រពីថៃនៅឡើយ។ ដូច្នេះក្រសួងពាក់ព័ន្ធក៏មិនទាន់ពិចារណានូវរឿងនេះនៅឡើយ ពោលក្រសួងកសិកម្មមានតែរងចាំមើលក្រសួងសុខាភិបាលផ្តល់ព័ត៌មានពាក់ព័ន្ធនឹងការឆ្លងរាលដាលនៃកូវីដតាមរយៈការនាំចូលគ្រឿងសមុទ្រពីថៃ។
ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា ជាធម្មតា កម្ពុជានាំចូលបង្គារទាំងពីរប្រទេសមានវៀតណាម និងថៃប្រហែលជា១៣៣៥តោនក្នុងមួយឆ្នាំ ប៉ុន្តែក្នុងរយៈពេលមួយខែនេះ ដោយសារក្រសួងមានវិធានការជន់ជោរនូវផលិតផលវារីវប្បកម្មត្រូវផ្អាកមួយខែបិទការនាំចូលកន្លងទៅនេះ។
យោងតាមរបាយការណ៍ការនាំចេញគ្រឿងសមុទ្រពីថៃមកកម្ពុជាបានឲ្យដឹងថា នៅក្នុងឆ្នាំ២០២០នេះ ប្រទេសថៃបាននាំចេញគ្រឿងសមុទ្រមកកម្ពុជាគិតជាទឹកប្រាក់ប្រមាណជាង១៨លានដុល្លារអាមេរិក ដែលមានការកើនឡើង១៥.៥%៕