ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា ត្រៀមរៀបចំកម្មវិធី «ដាស់ស្មារតីជាតិ» នៅឯបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ខាងមុខ។ ការរៀបចំកម្មពិធីនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីជំរុញការចងចាំ ផ្សារភ្ជាប់ជាមួយការឈឺចាប់ ប្រែក្លាយជាកម្លាំងជំរុញទឹកចិត្តរបស់ប្រជាជន ពង្រឹងសមត្ថភាពរបស់ខ្លួន សម្រាប់អភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរឹងមាំ។
សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំកម្មវិធី «ដាស់ស្មារតីជាតិ»ក្នុងគោលបំណងដើម្បីជំរុញការចងចាំ ផ្សារភ្ជាប់ជាមួយការឈឺចាប់ ប្រែក្លាយជាកម្លាំងជំរុញទឹកចិត្តរបស់ប្រជាជន ពង្រឹងសមត្ថភាពរបស់ខ្លួន សម្រាប់អភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរឹងមាំ។ ម្យ៉ាងទៀត បញ្ចៀសការបញ្ឆេះគំនុំគំកួន ការសងសឹក ទស្សនៈជ្រុលនិយម ចង្អៀតចង្អល់ ដោយមិនបំភ្លេចការឈឺចាប់ដែលបានកើតឡើង។
បន្ថែមពីនេះ កម្មវិធីនេះបង្ហាញឱ្យឃើញថា ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយកម្ពុជានៅតែតស៊ូជម្នះ នូវបញ្ហា ជាមួយស្មារតីរួបរួម ជាមួយគ្នាក្នុងគ្រាលំបាក ដែលមិនអាចបំបែកបំបាក់បាន។ បង្កើតជាវេទិកា ជំរុញជាចលនា ផ្សារភ្ជាប់ជាមួយដៃគូរ ឱ្យមានភាពជាម្ចាស់ការក្នុងការផ្សព្វផ្សាយ និងជំរុញសកម្មភាពបន្ត និងពង្រឹងស្មារតី និងត្រៀមខ្លួនឱ្យបានរួចរាល់ក្នុងការប្រឈមរាល់ការគម្រាមគំហែង ហានិភ័យ ដែលអាច និងកើតមានឡើងនាថ្ងៃអនាគត។