681 ezgif.com resize
Swift cc time

ក្រុមអ្នកជំនាញ ជួបគ្នារិះរកវិធីសាស្ត្រពង្រឹង«សុវត្ថិភាពឌីជីថល»ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ក្នុងគ្រាសេដ្ឋកិច្ចឌីជីថលកម្ពុជាបន្តរីកចម្រើន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រុមអ្នកជំនាញផ្នែកសន្តិសុខសាប័រ ភ្នាក់ងារអនុវត្តច្បាប់ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្រុមហ៊ុនបច្ចេកវិទ្យា សរុបប្រមាណ ៥០០នាក់ បានជួបគ្នាក្នុងវេទិកានៃទិវាសុវត្ថិភាពឌីជីថលឆ្នាំ២០២៦ ដើម្បីរិះរកវិធីសាស្ត្រពង្រឹង«សុវត្ថិភាពឌីជីថល»ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ខណៈប្រតិបត្តិការតាមប្រព័ន្ធឌីជីថលមានការកើនឡើងយ៉ាងឆាប់រហ័ស ដែលអាចបង្កើនហានិភ័យ និងការក្លែងបន្លំឬឆបោកតាមប្រព័ន្ធអ៊ីនធើណិត។

នាឱកាសនោះ លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានលើកឡើងថា ការកើនឡើងយ៉ាងឆាប់រហ័សនៃប្រតិបត្តិការតាមប្រព័ន្ធឌីជីថល ក៏អាចបង្កើនហានិភ័យនៃការរំខានទៅដល់ប្រព័ន្ធ ការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណិត ការក្លែងបន្លំ/ការឆបោក បទល្មើសបច្ចេកវិទ្យា និងការលេចធ្លាយទិន្នន័យផងដែរ។ ឧប្បត្តិហេតុទាំងនេះ អាចបណ្តាលឱ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុដោយផ្ទាល់ ប៉ុន្តែអ្វីដែលផ្តល់ផលប៉ះពាល់ដ៏ធំបំផុតនោះគឺទំនុកចិត្ត។ សុវត្ថិភាពឌីជីថល មិនគ្រាន់តែជាបញ្ហាបច្ចេកវិទ្យាតែមួយមុខប៉ុណ្ណោះនោះទេ ប៉ុន្តែគឺជាការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង និងបុគ្គលិករបស់ស្ថាប័នគ្រប់លំដាប់ថ្នាក់។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិកម្ពុជា បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងស្ថាប័នអនុវត្តច្បាប់ និយ័តករ ស្ថាប័នហិរញ្ញវត្ថុ ដៃគូបច្ចេកវិទ្យា និងសាធារណជន ដើម្បីទប់ស្កាត់ រកឱ្យឃើញ និងឆ្លើយតបទៅនឹងឧក្រិដ្ឋកម្មតាមអ៊ីនធើណិត។

ទន្ទឹមនឹងនេះ លោក លន់ សំអុល អគ្គនាយករងត្រួតពិនិត្យ និងជាតំណាងលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក៏បានបញ្ជាក់ពីការបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការត្រួតពិនិត្យបទប្បញ្ញត្តិយ៉ាងតឹងរ៉ឹង និងយកចិត្តទុកដាក់ខ្ពស់ ចំពោះស្ថិរភាព ភាពរឹងមាំ និងភាពធន់នៃប្រព័ន្ធធនាគារ។

ព្រឹត្តិការណ៍នេះ ក៏បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់ក្នុងភាពជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន ក្នុងការដោះស្រាយហានិភ័យតាមអ៊ីនធើណិត និងគាំទ្ររបៀបវារៈបរិវត្តកម្មឌីជីថលដ៏ទូលំទូលាយរបស់កម្ពុជា។ ការពិភាក្សាបានផ្តោតលើមូលដ្ឋានគ្រឹះសុវត្ថិភាពឌីជីថល ទិដ្ឋភាពនៃការគំរាមកំហែងដែលកំពុងវិវឌ្ឍន៍ ក្របខណ្ឌបទប្បញ្ញត្តិ ការការពារទិន្នន័យ ការការពារការក្លែងបន្លំ បញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាថ្មីៗ ដែលអាចជួយស្ថាប័នហិរញ្ញវត្ថុរកឃើញ ទប់ស្កាត់ និងឆ្លើយតបទៅនឹងឧប្បត្តិហេតុសាយប័រកាន់តែមានប្រសិទ្ធភាព។

ក្នុងផ្នែកមួយនៃកិច្ចពិភាក្សា ក្រុមហ៊ុន Mastercard ក៏បានប្តេជ្ញាពង្រឹងភាពធន់តាមរយៈការពង្រឹងសមត្ថភាព និងគាំទ្រកិច្ចសហការអន្តរវិស័យ។ ក្នុងនោះ រាប់បញ្ចូលទាំងការធ្វើការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ និងតួអង្គពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ី ដើម្បីជំរុញសមត្ថភាពទូទាត់តាមប្រព័ន្ធឌីជីថលដែលមានសុវត្ថិភាព ព្រមទាំងការនាំមកនូវទស្សនវិស័យក្នុងតំបន់អំពីការអភិវឌ្ឍថ្មីៗ ដូចជាតួនាទីរបស់បញ្ញាសិប្បនិម្មិត (AI) នៅក្នុងការទូទាត់នាពេលអនាគត។ តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះ ក្រុមហ៊ុន Mastercard មានគោលបំណងគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុឌីជីថលដែលមានភាពធន់ និងជឿទុកចិត្តបាននៅក្នុងប្រទេសកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង