ភ្នំពេញ៖ រាជរដ្ឋាភិបាល នៅថ្ងៃទី២១ ខែឧសភា បានយល់ព្រមតាមសំណើរបស់ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើគោលការណ៍កំណត់ឋានន្តរសក្តិមន្ត្រីនគរបាលជាតិបន្តវេន ស្របតាមមុខតំណែងនីមួយៗ ក្នុងរចនាសម្ព័ន្ធអគ្គស្នងការដ្ឋាននគរបាលជាតិ និង អង្គភាពនគរបាលថ្នាក់ប្រហាក់ប្រហែល។
យោងតាមលិខិត អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានឋានន្តរសក្តិ នាយឧត្តមសេនីយ៍, អគ្គនាយកនៃអគ្គនាយកដ្ឋាននានា និង ថ្នាក់ប្រហាក់ប្រហែល មាន ឋានន្តរសក្តិ ឧត្តមសេនីយ៍ឯក, អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ មាន ឋានន្តរសក្តិ ឧត្តមសេនីយ៍ឯក, អគ្គនាយករង និងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ ឧត្តមសេនីយ៍ទោ, ប្រធានសេនាធិការដ្ឋាន និង ប្រធាននាយកដ្ឋានកណ្តាល មានឋានន្តរសក្តិ ឧត្តមសេនីយ៍ទោ។
ចំណែក អនុប្រធានសេនាធិការដ្ឋាន និងអនុប្រធាននាយកដ្ឋានកណ្តាល មានឋានន្តរសក្តិ ឧត្តមសេនីយ៍ត្រី, ប្រធាននាយកដ្ឋាន ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត និង ថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ ឧត្តមសេនីយ៍ត្រី, អនុប្រធាននាយកដ្ឋាន ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត និង ថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ វរសេនីយ៍ឯក - នាយការិយាល័យ អធិការនៃអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ វរសេនីយ៍ទោ។
រីឯ នាយរងការិយាល័យ អធិការរងនៃអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ វរសេនីយ៍ត្រី, នាយផ្នែក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ អនុសេនីយ៍ឯក និង នាយរងផ្នែក នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ អនុសេនីយ៍ទោ៕