ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ADB) សហការគ្នារៀបចំ«កិច្ចប្រជុំតុមូលកម្រិតខ្ពស់» ស្តីពី ទស្សនវិស័យវិនិយោគទេសចរណ៍ប្រកបដោយចីរភាព និងភាពធន់របស់អាស៊ាន ឆ្នាំ២០៣០ ដើម្បីពិភាក្សាអំពីអាទិភាពវិនិយោគក្នុងវិស័យទេសចរណ៍ ការលើកកម្ពស់បរិយាកាសវិនិយោគ និងការជំរុញការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជា និងក្នុងតំបន់អាស៊ាន។ កិច្ចប្រជុំតុមូលកម្រិតខ្ពស់នេះ ត្រូវបានធ្វើឡើងក្រោមវត្តមានរបស់លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោកស្រី YASMIN SIDDIQI នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។
នាឱកាសនេះ លោក ហួត ហាក់ បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា មានសក្តានុពលទេសចរណ៍យ៉ាងសម្បូរបែប ទាំងផ្នែកវប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ និងទេសចរណ៍បៃតង ដែលអាចឆ្លើយតបទៅនឹងនិន្នាការទេសចរណ៍សកលនាពេលបច្ចុប្បន្ន។ កម្ពុជាកំពុងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែប្រទាក់ក្រឡាបន្ថែមទៀត និងបង្កើនការតភ្ជាប់ឱ្យកាន់តែច្រើនផ្តល់ភាពងាយស្រួល និងសន្សំសំចៃពេលវេលា ដើម្បីទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរអន្តរជាតិ។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍រូបនេះ ក៏បានគូសបញ្ជាក់បន្ថែមថា ការវិនិយោគក្នុងវិស័យទេសចរណ៍ មិនត្រឹមតែរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកត្តាសំខាន់ក្នុងការបង្កើតការងារ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងគាំទ្រដល់ការអភិវឌ្ឍសហគមន៍មូលដ្ឋានប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យអភិវឌ្ឍន៍ទេសចរណ៍របស់កម្ពុជា និងអាស៊ានឆ្នាំ២០៣០៕