ភ្នំពេញ៖ ក្នុងខែមេសា ឆ្នាំ២០២៦ គម្រោងវិនិយោគសរុបដែលត្រូវបានចុះបញ្ជីនៅកម្ពុជាទាំងការចុះបញ្ជី ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ទាំងការចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត (អ.គ.វ.រ.ខ.) មានចំនួន ៤២គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២២២ លានដុល្លារអាម៉េរិក និង អាចបង្កើតការងារសរុបប្រមាណ ២៤ពាន់កន្លែង។ នេះបើតាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។
បើតាមរបាយការណ៍ ក្នុងចំណោមគម្រោងវិនិយោគទាំង ៤២នេះ មានគម្រោង វិនិយោគចំនួន ២៣គម្រោង (ក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៣គម្រោង, ក្នុងតំបន់សេដ្ឋកិច្ចពិសេស ចំនួន ១០គម្រោង) ត្រូវបានចុះបញ្ជីដោយ ក.អ.ក. ក្នុងទំហំទុនវិនិយោគប្រមាណ ១៥៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ១៨ពាន់កន្លែង។
គម្រោងវិនិយោគដែលមានភាពលេចធ្លោប្រចាំខែមេសា ឆ្នាំ២០២៦ មានដូចជា៖ គម្រោងវិនិយោគបង្កើតកសិដ្ឋានដាំដំណាំឈើហូបផ្លែ និងសាងសង់រោងចក្រកែច្នៃ ដែលជាគម្រោងវិនិយោគស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានទីតាំងស្ថិតនៅស្រុកបាណន់ ខេត្តបាត់ដំបង ក្នុងទំហំទុនវិនិយោគប្រមាណ ២០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបាន ១៧៤កន្លែង។
គម្រោងមានភាពលេចធ្លោមួយទៀតនោះគឺ គម្រោងវិនិយោគបង្កើតរោងចក្រផលិត និងកែច្នៃប្រេងសម្រាប់សម្បកកង់យានយន្ត និងប្រេង សម្រាប់ផលិតផលកែច្នៃជ័រកៅស៊ូ ជាគម្រោងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត ខេត្តស្វាយរៀង មានទំហំទុនវិនិយោគប្រមាណ ៩,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបាន ៣៥០ កន្លែង។
បើតាមរបាយការណ៍ប្រភពទុនវិនិយោគដែលមាភាពឈានមុខគេក្នុងខែមេសា ឆ្នាំ២០២៦នេះ គឺប្រទេសចិន ៦៧% និងកម្ពុជា ៣៣%។ គម្រោងវិនិយោគទាំងនោះបានបោះទុនវិនិយោគនៅខេត្តបាត់ដំបង ខេត្តស្វាយរៀង ខេត្តត្បូងឃ្មុំ ខេត្តកណ្ដាល ខេត្តតាកែវ ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ និងខេត្តកោះកុង៕