ភ្នំពេញ៖ រយៈពេល១៣ឆ្នាំចុងក្រោយនេះ ពោលគិតចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០២៥ ចំណូលដែលត្រូវប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលបានកើនរហូតដល់ជាង ៣,៥ ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២៥កន្លងទៅនេះ។ នេះបើតាមការបញ្ជាក់របស់លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ អគារទីស្នាក់ការកណ្តាលថ្មី របស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។
លោក អូន ព័ន្ធមុន្នរ័ត្ន បានមានប្រសាសន៍ថា ចំណូលដែលត្រូវប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារមានការកើនឡើងគួរឱ្យកត់សម្គាល់ ពីចំនួនត្រឹមតែប្រមាណ ២,៩៦០ ប៊ីលានរៀន សមមូលនឹងប្រមាណ ៧៣៨ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០១២ រហូតដល់ចំនួនប្រមាណ ១៤,៣៤៥ ប៊ីលានរៀល សមមូលនឹងប្រមាណ ៣៥៧៧ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៥កន្លងទៅ ពោលគឺមានកំណើនជិត៤ដងក្នុងរយៈពេល១៣ឆ្នាំចុងក្រោយនេះ៕