681 ezgif.com resize
Swift cc time

«សត្វប្រើសញីមានផ្ទៃពោះ»១ក្បាល ស្លាប់ដោយសារមនុស្សវាយ និងបង្អៅឆ្កែដេញខាំរហូតដល់ស្លាប់

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ពោធិ៍សាត់៖ សត្វប្រើសញីមានផ្ទៃពោះ ១ក្បាល ទម្ងន់១១០គីឡូក្រាម បានវង្វេងចូលមកក្នុងភូមិឋានរបស់ប្រជាពលរដ្ឋ ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង នៅថ្ងៃទី១៨ ឧសភា ហើយត្រូវបានបុគ្គលអគតិមួយចំនួនព្រួតដៃគ្នាវាយ និងបង្អៅឆ្កែដេញ បណ្តាលឱ្យសត្វប្រើសផ្អើលរត់បុករបងលួសមុតសាច់ និងត្រូវបានឆ្កែខាំរហូតដល់ស្លាប់ ក្នុងចម្ការដំឡូងមី។

ក្រោយពេលកើតហេតុភ្លាមៗ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ អាជ្ញាធរមូលដ្ឋាន បានចុះអន្តរាគមន៍ រាយការណ៍ជូនប្រធានមន្ទីរ និងស្នើសុំគោលការណ៍ពី លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ឱ្យនិមន្តព្រះសង្ឃ ដើម្បីធ្វើកិច្ចបង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធសត្វប្រើសញី និងកូនក្នុងផ្ទៃដ៏កម្សត់នោះ ស្ថិតនៅវត្តប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

មន្ទីរបរិស្ថាន និងអាជ្ញាធរ ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើរបស់ក្រុមបុគ្គលអគតិខាងលើ និងកំពុងធ្វើការស្រាវជ្រាវ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។ អាជ្ញាធរ ក៏បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងករណីប្រទះឃើញមានសត្វព្រៃវង្វេងចូលក្នុងភូមិឋាន មេត្តាចូលរួមការពារ ថែរក្សា និងរាយការណ៍ជាបន្ទាន់មកមន្ត្រីបរិស្ថាន ឬអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ដើម្បីសង្គ្រោះពួកវាឱ្យបានទាន់ពេលវេលា ជៀសវាងការបង្ករបួសស្នាម ឬសម្លាប់សត្វព្រៃដោយអចេតនា និងចេតនា៕ 


Khcct banner

អត្ថបទទាក់ទង