681 ezgif.com resize
Swift cc time

កងទ័ពជើងគោកឥណ្ឌា បានធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបញ្ចប់ដោយជោគជ័យសមយុទ្ធទ្វេភាគីកម្ពុជា–ឥណ្ឌា លើកទី២

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសមយុទ្ធទ្វេភាគី កម្ពុជា–ឥណ្ឌា លើកទី២ (CINBAX II) គណៈប្រតិភូ និងកងកម្លាំងនៃកងទ័ពជើងគោកឥណ្ឌា បានធ្វើមាតុភូមិនិវត្តន៍ពីកម្ពុជា នៅទី១៨ ខែឧសភា នៅមូលដ្ឋានកងយោធពលខេមរភូមិន្ទ តេជោសែន ភ្នំធំម្រះព្រៅ ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ក្នុងអំឡុងពេលចូលរួមសមយុទ្ធ CINBAX II កងកម្លាំងនៃប្រទេសទាំងពីរ បានអនុវត្តសកម្មភាពហ្វឹកហ្វឺនរួមជាច្រើន ដោយផ្តោតលើការពង្រឹងអន្តរប្រតិបត្តិការ ការផ្លាស់ប្តូរបទពិសោធន៍វិជ្ជាជីវៈ និងការកសាងទំនុកចិត្តរវាងកងទ័ពនៃប្រទេសទាំងពីរ ស្របតាមក្របខណ្ឌប្រតិបត្តិការក្រោមអាណត្តិអង្គការសហប្រជាជាតិ។

សមយុទ្ធ CINBAX IIនេះ បានឆ្លុះបញ្ចាំងអំពីទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកងទ័ពជើងគោកកម្ពុជា និងកងទ័ពជើងគោកឥណ្ឌា ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក ស្មារតីសាមគ្គីភាព និងភាពជាបងប្អូនរវាងកងកម្លាំងនៃប្រទេសទាំងពីរ។ 

កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ថ្លែងអំណរគុណចំពោះកងទ័ពជើងគោកឥណ្ឌា ចំពោះកិច្ចសហប្រតិបត្តិការ និងការចូលរួមយ៉ាងសកម្មក្នុងសមយុទ្ធនេះ ហើយសង្ឃឹមថា មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងប្រទេសទាំងពីរ នឹងបន្តរីកចម្រើនកាន់តែរឹងមាំថែមទៀតនាពេលអនាគត៕


Khcct banner

អត្ថបទទាក់ទង