681 ezgif.com resize
Swift cc time

ស្ពានដែកបេឡេតិ៍ឆ្លងកាត់ស្ទឹងមេទឹក ខេត្តពោធិ៍សាត់ បើកឱ្យពលរដ្ឋប្រើប្រាស់វិញ ក្រោយផ្លូវវាងក្រាលដីល្បាយថ្ម ត្រូវបានទឹកភ្លៀងហូរច្រោះបាក់ស្រុត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ពោធិ៍សាត់៖ មន្ទីរសាធារណការខេត្តពោធិ៍សាត់ នាថ្ងៃទី១៨ ឧសភា បានចេញសេចក្តីជូនដំណឹងថា នឹងបើកឱ្យធ្វើចរាចរណ៍លើស្ពានដែកបេឡេតិ៍ឆ្លងកាត់ស្ទឹងមេទឹកវិញ ក្រោយផ្លូវវាងក្រាលដីល្បាយថ្ម ត្រូវបានទឹកភ្លៀងចាប់ផ្តើមហូរច្រោះបាក់ស្រុត និងលែងធ្វើចរាចរណ៍បាន។

បើតាមមន្ទីរសាធារណការខេត្តពោធិ៍សាត់ បានឱ្យដឹងថា ស្ថានភាពអាកាសធាតុមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងមានទឹកហូរខ្លាំងបណ្តាលឱ្យផ្លូវវាង ក្រាលដីល្បាយថ្មឆ្លងកាត់ស្ទឹងមេទឹក ត្រង់គីឡូម៉ែត្រលេខ១៧១+៦៩៧ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ចាប់ផ្តើមហូរច្រោះបាក់ស្រុត និងលែងធ្វើចរាចរណ៍បាន។

ជាមួយគ្នានេះ ការងារជួសជុលពង្រឹងស្ពានដែកបេឡេតិ៍ ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ ក៏បានបញ្ចប់ការងាររួចរាល់។ ដើម្បីធានាសុវត្ថិភាពជូនសាធារណជន និងបង្ការហានិភ័យដែលអាចកើតមានជាយថាហេតុ មន្ទីរសាធារណការ បានបញ្ឈប់ឱ្យធ្វើចរាចរណ៍លើផ្លូវវាងក្រាលដីល្បាយថ្មឆ្លងកាត់ស្ទឹងមេទឹកចាប់ពីពេលនេះតទៅ នឹងបើកឱ្យធ្វើចរាចរណ៍លើស្ពានដែកបេឡេតិ៍ជំនួសវិញ។

មន្ទីរសាធារណការខេត្ត បានណែនាំឱ្យពលរដ្ឋ និងអ្នកបើកបរយានយន្តគ្រប់ប្រភេទ មេត្តាបង្កើនការប្រុងប្រយ័ត្ន គោរពតាមច្បាប់ចរាចរណ៍ អនុវត្តតាមការណែនាំរបស់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានឱ្យបាន ខ្ជាប់ខ្ជួន ដើម្បីធានាបាននូវសុវត្ថិភាព និងសណ្តាប់ធ្នាប់៕

Khcct banner

អត្ថបទទាក់ទង