681 ezgif.com resize
Swift cc time

ក្រសួងអភិវឌ្ឍន៍ជនបទ ប្រកាសដាក់ឱ្យដំណើរការរៀនសូត្រ«កម្មវិធីទឹកស្អាត និងអនាម័យ ដែលធន់នឹងអាកាសធាតុតាមប្រព័ន្ធអនឡាញ»ជាផ្លូវការ

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានរៀបចំពិធីប្រកាសជាផ្លូវការដាក់ឱ្យដំណើរការរៀនសូត្រកម្មវិធីទឹកស្អាត និងអនាម័យ ដែលធន់នឹងអាកាសធាតុតាមប្រព័ន្ធអនឡាញរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។ កម្មវិធីបណ្តុះបណ្តាលនេះ មានកម្រងវីដេអូមេរៀនសរុបចំនួន ៥ជំពូក ដែលនឹងចូលរួមចំណែកពង្រឹងសមត្ថភាពមន្រ្តីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាំងចំណេះនិងជំនាញទាក់ទងនឹងការវាយតម្លៃ និងការរៀបចំផែនការវិស័យទឹកស្អាត និងអនាម័យជនបទដែលធន់នឹងអាកាសធាតុ។

វគ្គសិក្សារៀនសូត្រតាមប្រព័ន្ធអនឡាញនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការបង្កើនសមត្ថភាពដល់មន្រ្តីរាជការ ជាពិសេសមន្រ្តីរាជការទទួលបន្ទុកផ្នែកទឹកស្អាត និងអនាម័យ ក៏ដូចជាសាធារណៈជនទូទៅ។ លោក ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស បានគូសបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលនេះ មានកម្រងវីដេអូមេរៀនសរុបចំនួន ៥ជំពូក រួមមាន៖ ទី១៖ទិដ្ឋភាពទូទៅវិស័យទឹកស្អាត និងអនាម័យ និងការប្រែប្រួលអាកាសធាតុនៅក្នុងប្រទេសកម្ពុជា, ទី២៖ការគាំទ្រការផ្លាស់ប្តូរឆ្ពោះទៅរកសេវាទឹកស្អាត និងអនាម័យដែលធន់នឹងអាកាសធាតុនៅក្នុងប្រទេសកម្ពុជា, ទី៣៖វិធីសាស្រ្តកំណត់ និងវាយតម្លៃដំណោះស្រាយទឹកស្អាត និងអនាម័យដែលធន់នឹងអាកាសធាតុ, ទី៤៖ហិរញ្ញប្បទានអាកាសធាតុ និងការរៀបចំរបាយការណ៍ហេតុផលអាកាសធាតុ និងទី៥៖ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ។

លោក ឆាយ ឫទ្ធិសែន សែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានគូសបញ្ជាក់ថា ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ គឺជាវិស័យអាទិភាពមួយដែលរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់។ ជាក់ស្តែង គិតត្រឹមឆ្នាំ២០២៥ អត្រាគ្របដណ្តប់នៃសេវាផ្គត់ផ្គង់ទឹកស្អាតកម្រិតមូលដ្ឋានសម្រេចបាន ៨៩% ខណៈសេវាផ្គត់ផ្គង់ទឹកដែលគ្រប់គ្រងប្រកបដោយសុវត្ថិភាពសម្រេចបាន ២៥% រីឯអត្រាគ្របដណ្តប់អនាម័យជនបទកម្រិតមូលដ្ឋានសម្រេចបាន ៩៥% ខណៈអត្រាគ្របដណ្តប់អនាម័យដែលគ្រប់គ្រងប្រកបដោយសុវត្ថិភាពសម្រេចបាន ៥១%។ ជាមួយគ្នានោះ រាជធានី-ខេត្តទាំង២៥ នៅទូទាំងប្រទេស សម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ខណៈរាជធានីភ្នំពេញ និងខេត្តកណ្តាលសម្រេចបានការបញ្ចប់ការបន្ទោបង់ពាលពាសកាលកម្រិតខ្ពស់ (ODF+)។

ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាដែលកំពុងប្រឈមមួយចំនួន និងឈានទៅសម្រេចឱ្យតាមគោលដៅរបស់រាជរដ្ឋាភិបាល ព្រមទាំងដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុទាមទារឱ្យមានការបង្កើនការយល់ដឹងបន្ថែម អំពីការងារផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទ និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដោយប្រើប្រាស់ទាំងមធ្យោបាយបណ្តុះបណ្តាលបច្ចេកទេសជូនមន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធដោយផ្ទាល់ និងតាមការស្វែងរកចំណេះដឹងបន្ថែមតាមប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាតាមប្រព័ន្ធពត៌មានវិទ្យាផងដែរ។

លោកបណ្ឌិត Will Parks នាយកអង្គការ UNICEF ប្រចាំនៅប្រទេសកម្ពុជា និងលោកស្រី Bridget Collier ឯកអគ្គរដ្ឋទូតរងអូស្រ្តាលីប្រចាំនៅប្រទេសកម្ពុជា បានអញ្ជើញថ្លែងនូវចំណាប់អារម្មណ៍ ដោយបានបញ្ជាក់អំពីសារៈសំខាន់នៃការរៀបចំវគ្គសិក្សាតាមប្រព័ន្ធអនឡាញនេះ នឹងចូលរួមចំណែកពង្រឹងសមត្ថភាពមន្រ្តីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាំងចំណេះនិងជំនាញទាក់ទងនឹងការវាយតម្លៃ និងការរៀបចំផែនការវិស័យទឹកស្អាត និងអនាម័យជនបទដែលធន់នឹងអាកាសធាតុ ព្រមទាំងបានបង្ហាញនូវការបេ្តជ្ញាចិត្តបន្តចូលរួមសហការជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការធ្វើការងារពង្រឹងភាពធន់ និងគាំទ្រសហគមន៍ក្នុងការសម្របខ្លួនទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។

គួរបញ្ជាក់ថា ពិធីប្រកាសជាផ្លូវការនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ, លោកបណ្ឌិត Will Parks នាយកប្រចាំប្រទេសនៃអង្គការ UNICEF ប្រចាំនៅប្រទេសកម្ពុជា និងលោកស្រី Bridget Collier ឯកអគ្គរដ្ឋទូតរងអូស្រ្តាលីប្រចាំនៅប្រទេសកម្ពុជា ។ ពិធីប្រកាសដាក់ឱ្យប្រើប្រាស់នេះ ត្រូវបានរៀបចំឡើងនៅក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សរុបប្រមាណ ៣០០នាក់៕

Khcct banner

អត្ថបទទាក់ទង