ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុល អភិរក្សដំណាក់កាលទីមួយ នៅកំពង់ទឹកនៅលើទំនប់ខាងលិចនៃបារាយណ៍យសោធរតដាក បន្ទាប់ពីការពង្រឹងនៅផ្នែកខូចខាតឱ្យរឹងមាំឡើងវិញ និងបានលើកតម្លៃទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់មួយនេះ ក្រោយចំណាយពេលវេលាចំនួន ៦ខែទើបបញ្ចប់ដោយជោគជ័យ។
កញ្ញា ដយ ពេជ្រជឺរ៉ា បុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា និងជាវិស្វករនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ចាប់ពីតាំងពីចុងឆ្នាំ២០២៥មក អ្នកជំនាញបានចាប់ផ្តើមជួសជុល អភិរក្សកំពង់ទឹកនៅលើទំនប់ខាងលិចនៃបារាយណ៍យសោធរតដាក រហូតមកដល់ចុងខែមេសា ឆ្នាំ២០២៦ បានបញ្ចប់ការងារជួសជុលក្នុងដំណាក់កាលទីមួយ ក្នុងប្រវែងបណ្តោយ១២ម៉ែត្រ និងទទឹងប្រវែង៩ម៉ែត្រ។
ក្នុងដំណាក់កាលទីមួយនេះ អ្នកជំនាញធ្វើការជួសជុលពង្រឹងគ្រឹះនៅតាមកន្លែងដែលបានស្រុត ពង្រឹងខឿនថ្នាក់ទីមួយដែលសាងសង់ពីថ្មបាយក្រៀម និងផ្នែកខ្លះនៃខឿនថ្នាក់ទីពីរដែលសាងសង់ពីថ្មភក់ និងបានជំនួសថ្មថ្មី នៅតាមទីតាំងដែលបាត់បង់ និងពុកផុយ ដើម្បីបំពេញរូបរាងឡើងវិញស្របទៅតាមលក្ខណៈបច្ចេកទេស។ ជាផ្នែកមួយនៃគម្រោងជួសជុលអភិរក្សនេះដែរ ក្នុងពេលធ្វើកំណាយស្រាវជ្រាវ មុនដំណើរការជួសជុល ក៏បានរកឃើញចម្លាក់សត្វតោចំនួនមួយ នៅជ្រុងខាងត្បូងនៃកំពង់ទឹក ហើយអ្នកជំនាញផ្នែកអភិរក្សថ្ម ធ្វើការជួសជុលពង្រឹងដើម្បីយកមកដាក់នៅទីតាំងដើមវិញដែរ។
បន្ទាប់ពីការជួសជុលពង្រឹងនៅតាមផ្នែក និងការជួសជុលចម្លាក់តោ រួចតម្តល់នៅទីតាំងដើមវិញ ធ្វើឱ្យរចនាសម្ពន្ធកំពង់ទឹកទាំងមូល មានសោភ័ណភាពស្រស់ស្អាត លើកតម្លៃទីតាំងបុរាណដ្ឋានដែលជាទីតាំងសំខាន់មួយ ក្នុងសម័យអង្គរ សម្រាប់ព្រះរាជាទ្រង់យាងទៅកាន់ប្រាសាទមេបុណ្យខាងកើត។ ទីតាំងនេះ ក៏ជាទីតាំងដែលទាក់ទាញភ្ញៀវទេសចរឱ្យទៅទស្សនាបានផងដែរ ព្រោះថា កំពង់ទឹកនៅលើទំនប់ខាងលិចនៃបារាយណ៍យសោធរតដាកនេះ មានទីតាំងនៅចំខ្សែអ័ក្សតែមួយនៃព្រះបរមរាជវាំង ប្រាសាទភិមានអាកាស ឆ្ពោះមកខ្លោងទ្វារជ័យ៕