ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី ១៥ ឧសភានេះ បានប្រគល់ជនជាតិថៃម្នាក់ដែលលួចឆ្លងដែនខុសច្បាប់ ចូលជ្រៅក្នុងទឹកដីប្រទេសកម្ពុជា ទៅឱ្យប្រទេសថៃវិញ តាមគោលការណ៍មនុស្សធម៌។ការប្រគល់នេះ រៀបចំឡើងនៅច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោមយន្តការសម្របសម្រួលរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)។
យោងតាមក្រសួងការពារជាតិកម្ពុជា ជនជាតិថៃនេះ បានលួចឆ្លងដែនខុសច្បាប់ចូលជ្រៅក្នុងទឹកដីប្រទេសកម្ពុជា នៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ត្រូវបានអាជ្ញាធរកម្ពុជាឃាត់ខ្លួនតាមផ្លូវច្បាប់។ក្រោយមក ថៃស្នើសុំមកកម្ពុជា ដើម្បីសម្រួលតាមរយៈយន្តការថ្នាក់តំបន់របស់ក្រុមការងារទំនាក់ទំនងព្រំដែន ដែលជាយន្តការនៅក្រោមគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ RBC នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។
បើតាមក្រសួង បន្ទាប់ពីការពិនិត្យ និងវាយតម្លៃស្របតាមវិធានការច្បាប់រួចមក កម្ពុជាបាននាំខ្លួនបុរសជនជាតិថៃខុសច្បាប់រូបនោះទៅប្រគល់ យោធភូមិភាគទី២ថៃ ដើម្បីមកទទួលដោយផ្ទាល់នៅព្រឹកថ្ងៃទី១៥ ខែឧសភា ស្របតាមគោលការណ៍មនុស្សធម៌។
កម្ពុជាបញ្ជាក់ជាថ្មីថា ការការពារអធិបតេយ្យភាព និងសន្តិសុខជាតិ គឺជាកាតព្វកិច្ចមិនអាចបន្ធូរបន្ថយបានឡើយ។ ទន្ទឹមនឹងនេះ កម្ពុជាក៏នៅតែប្រកាន់ខ្ជាប់នូវស្មារតីសហប្រតិបត្តិការប្រកបដោយសុឆន្ទៈ និងគោរពគោលការណ៍មនុស្សធម៌ក្នុងការដោះស្រាយបញ្ហាជាមួយប្រទេសជិតខាងដោយសន្តិវិធី និងទំនួលខុសត្រូវ ដោយឈរលើមូលដ្ឋានច្បាប់៕