ព្រះសីហនុ៖ សមត្ថកិច្ចខេត្តព្រះសីហនុ នាថ្ងៃទី១៥ ឧសភា បានចាប់ខ្លួនឃាត់ករបានហើយ ក្នុងករណីឃាតកម្មគិតទុកជាមុន សម្លាប់ស្ត្រីរងគ្រោះ ផ្តើមចេញពីភ្លើងប្រច័ណ្ទ ដែលបានធ្វើសកម្មភាពសម្លាប់កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ២១និង៣០នាទីយប់ ស្ថិតនៅឆ្នេរអូរត្រេះ បន្ទប់ទឹកលេខ៩ ភូមិ ៦ សង្កាត់លេខ ៤ ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ។
បើតាមសមត្ថកិច្ច ករណីឃាតកម្មគិតទុកជាមុន បង្កឡើងដោយជនសង្ស័យម្នាក់ឈ្មោះ សុខ រស្មី ភេទ ស្រី អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកខារ៉ាអូខេ បានធ្វើសកម្មភាព យកកាំបិតចុងស្រួច ដងឈើ ដាក់ក្នុងថង់យកម៉ាស់រុំ ទៅជួបជនរងគ្រោះ ឈ្លោះប្រកែកគ្នាបានពីរ ទៅ បីម៉ាត់ ស្រាប់តែជនសង្ស័យបានដកកាំបិតពីក្នុងថង់ ទៅអារក ជនរងគ្រោះឈ្មោះ តាំង ស្រីនិច ភេទ ស្រី ជនជាតិ ខ្មែរ អាយុ២៧ ឆ្នាំ មុខរបរជាគ្រូបង្រៀន បណ្តាលអោយស្លាប់នៅកន្លែងកើតហេតុ ក្រោយពេលកើតហេតុភ្លាមនោះ ជនសង្ស័យបានជិះម៉ូតូគេចខ្លួនពីកន្លែងកើតហេតុ។
ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចបានធ្វើការស្រាវជ្រាវតាមជំនាញ រហូតដល់វេលាម៉ោងប្រហែល ០៣៖២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៦ ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ បាន នៅចំណុច ក្រោមផ្លូវល្បឿនលឿន ក្រុមទី១៧ ភូមិ១ សង្កាត់លេខ ១ ក្រុង-ខេត្តព្រះសីហនុ យកទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរ។ បើតាមការសាកសួរបំភ្លឺមិត្តភក្តិរបស់ស្រ្តីរងគ្រោះ និងប្អូនប្រុសជនសង្ស័យ សមត្ថកិច្ចធ្វើការសន្និដ្ឋានបានថាការស្លាប់របស់ជនរងគ្រោះបណ្ដាលមកពី ឃាតកម្មគិតទុកជាមុន៕