ភ្នំពេញ៖ រដ្ឋាភិបាលចក្រភពអង់គ្លេស តាមរយៈ លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា នៅថ្ងៃទី០៦ ឧសភានេះ បានប្រកាសផ្តល់ជំនួយ ១.៦លានផោន សម្រាប់រយៈពេល១ឆ្នាំទៀត ២០២៦-២០២៧ នៃការបោសសម្អាតមីន និងការអប់រំយល់ដឹងអំពីយុទ្ធភណ្ឌគ្រឿងផ្ទុះ។ ជំនួយនេះ មានគោលបំណងរួមចំណែកដល់ការបង្កើនសុវត្ថិភាពសហគមន៍ និងលើកកម្ពស់ជីវភាពរស់នៅ ជាពិសេសគាំទ្រដល់វឌ្ឍនភាពរបស់កម្ពុជា ដើម្បីឆ្ពោះទៅរកកាតព្វកិច្ចបោសសម្អាតមីន នៅឆ្នាំ២០៣០។
ក្នុងរយៈពេល១ឆ្នាំ ជំនួយនេះនឹងផ្តល់ជូនដល់អង្គការដោះមីនចំនួន ០៣ រួមមាន ៖ អង្គការ HALO Trust, Mines Advisory Group (MAG) និង APOPO។ តាមរយៈជំនួយនេះ រំពឹងថា អង្គការ HALO Trust និងអង្គការ MAG នឹងរំដោះស្រាយផ្ទៃដីចំនួន ៨៩០,៣00 ម៉ែត្រការ៉េ ក្នុងខេត្តបាត់ដំបង សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ និងខេត្តកោះកុង ដែលផ្តល់ផលប្រយោជន៍ផ្ទាល់ដល់ប្រជាពលរដ្ឋចំនួន ៥,៤១៤ នាក់ ព្រមទាំងអាចផ្តល់នូវវគ្គអប់រំការយល់ដឹងពីយុទ្ធភណ្ឌគ្រឿងផ្ទុះជាង ៤០០០វគ្គ ដល់ប្រជាជនជាង ៤៤.២៨០ នាក់ ក្នុងនោះមានស្ត្រី ៨,៨៥៤ នាក់ និងក្មេងស្រី ១២,៦៩៦ នាក់។
ជាមួយគ្នានោះ អង់គ្លេស នឹងគាំទ្រដល់គម្រោង Minefields to Ricefields (M2R) របស់អង្គការ APOPO ដោយរួមបញ្ចូលសកម្មភាពមីនជាមួយនឹងការអភិវឌ្ឍកសិកម្មឡើងវិញ លើផ្ទៃដី ៣.៤ លានម៉ែត្រការ៉េ និងមានគ្រួសារកសិករយ៉ាងតិច ៥០០គ្រួសារ នឹងទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ រួមជាមួយនឹងគ្រួសារបន្ថែមប្រមាណជាង ៥០០គ្រួសារទៀត៕