
ភ្នំពេញ៖ ពលករខ្មែរម្នាក់ត្រូវបានអាជ្ញាធរថៃរកឃើញមានកូវីដ១៩ ក្នុងចំណោមពលករកម្ពុជាចំនួន ១១នាក់ ដែលបានធ្វើដំណើរដោយរថយន្តឈ្នួលចូលមកស្រុកផានថង ខេត្តឈុនបុរីឆ្ពោះទៅបាងកក។នេះបើតាមការប្រកាសព័ត៌មានពីស្ថាននីយ៍វិទ្យុនិងទូរទស្សន៍ថៃចន្ទបុរី(NBT Chanthaburi) នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០។
ប្រភពដដែលបានបញ្ជាក់ថា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ លោកផាក់ថន ធៀនឆៃ អភិបាលខេត្តឈុនបុរី បានចេញសេចក្តីថ្លែងការណ៍ ដោយគូសបញ្ជាក់ថា មានពលករកម្ពុជាចំនួន ១១នាក់ បានធ្វើដំណើរដោយរថយន្តឈ្នួលចូលមកស្រុកផានថង ខេត្តឈុនបុរី កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។
បន្ទាប់ពីទទួលបានដំណឹងថាមានពលករបរទេសចូលមកស្នាក់នៅក្នុងភូមិរបស់ខ្លួន លោកមេភូមិបានចុះធ្វើការត្រួតពិនិត្យហើយឃើញថាជាពលករកម្ពុជាខុសច្បាប់ បន្ទាប់មកធ្វើតេស្តរកជំងឺកូវីដ-១៩ ដោយទទួលបានលទ្ធផលវិជ្ជមានចំនួន១នាក់ ភេទស្រី អាយុ១៩ឆ្នាំ ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ និងអនុវត្តតាមវិធានការសុខភិបាលបន្តទៀត។ បច្ចុប្បន្ន អាជ្ញាធរកំពុងធ្វើការសាកសួរ ពលកររូបនោះ ដើម្បី ស្វែងរកប្រភព និងប្រវត្តិការនៃធ្វើដំណើររបស់អ្នកជំងឺ។
លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់ស៊ីស៊ីថាមស៍ថា ពលករខ្មែរដែលមានវិជ្ជមានរូបនេះ មិនមែនមានកូវីដ-១៩ពីកម្ពុជារួចហើយ បានចូលប្រទេសថៃនោះទេ គឺពលករ ខ្មែរទាំងនេះធ្វើដំណើរចេញពីឈុនបូរី មកបាងកក។
លោកជំទាវបានថ្លែងថា " ពលករទាំងនេះគាត់ចេញពីឈុនបូរី មកបាងកក ហេីយត្រូវបានអាជ្ញាធរថៃរកឃេីញមានកូវីដ-១៩ ម្នាក់។ ដូច្នេះ មិនមែនគាត់មានកូវីដ-១៩ ពីកម្ពុជា រួចហេីយបានចូលប្រទេសថៃនោះទេ"។
ចំណែក ឯកឧត្តម គុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ថ្លែងថា មិនទាន់មានព័ត៌មានផ្លូវការនៅឡើយទេ។ ទូតកម្ពុជានៅប្រទេសថៃ កំពុងទាក់ទងភាគីថៃដើម្បីបញ្ជាក់ករណីនេះ៕