បាត់ដំបង៖ នៅល្ងាចថ្ងៃទី២៩មេសា មានករណីផ្ទុះគ្រាប់មីនតោនសំណល់សង្គ្រាមទសវត្ស៨០-៩០ បណ្តាលឱ្យស្លាប់បុរសបើកបរត្រាក់ទ័រនិងខូចខាតត្រាក់ទ័រទាំងស្រុង។ ករណីផ្ទុះនេះកើតឡើងនៅភូមិទឹកសាប ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ នេះបើតាមការឲ្យដឹងពីលោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC)។
អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានជម្រាបថា សង្គ្រាមបានបញ្ចប់ទាំងស្រុងជិត៣០ឆ្នាំហើយ ប៉ុន្តែសំណល់យុទ្ធភណ្ឌសង្គ្រាមស្ថិតរាយប៉ាយបង្ករបួសស្លាប់មនុស្សមិនឈប់ឈរឡើយ។ អគ្គនាយកCMAC បានបញ្ជាក់ថា រួមគ្នាបង្ការគ្រោះថ្នាក់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម និងរំដោះដីនៃផលវិបាកសេដ្ឋកម្មសង្គមឱ្យបានឆាប់បំផុតជូនប្រជាពលរដ្ឋស្របតាមទស្សនវិស័យនិងវិធានការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពជា៕