681 ezgif.com resize
Moneygramott moi1280x163px

ស្ថានីយ៍ទូរទស្សន៍​​«PNN»នឹងបិទទ្វាទាំងស្រុងចាប់ពីថ្ងៃទី ១ ឧសភានេះ ក្រោយដំណើរការជាង១០ឆ្នាំ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ស្ថានីយ៍ទូរទស្សន៍ដ៏ធំនៅកម្ពុជា ​​«PNN» នឹងប្រកាសបិទទ្វាទាំងស្រុង នៅថ្ងៃទី១ ឧសភា ២០២៦នេះ ក្រោយពីបើកដំណើរបានរយៈពេលជាង ១០ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ ២០១៥មក។មូលហេតុចម្បងដែលឈានដល់ការសម្រេចបិទទ្វាទាំងស្រុងនេះ គឺដោយសារបញ្ហាហិរញ្ញវត្ថុ។នេះបើយោងតាមការប្រកាសពីលោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ថ្លែងក្នុងសន្និសីទសារព័ត៌មាន ពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦។

ស្ថានីយ៍ទូរទស្សន៍​ PNN ​បោះទុន​វិនិយោគ​ដោយ​លោកអ្នក​ឧកញ៉ា លី យ៉ុង​ផាត់ ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ​ជា៤០លានដុល្លារ និងបានបើកដំណើរការនៅថ្ងៃទី១១ ខែ​កក្កដា ឆ្នាំ​២០១៥ នៅ​ឯ​សណ្ឋាគារ​ភ្នំពេញ​ និង​មាន​ការ​ចូលរួម​ពី​សំណាក់​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ស្ថានីយ៍ទូរទស្សន៍ដ៏ធំមួយនេះ មាន​ទីតាំង​ក្នុង​ខណ្ឌ​ជ្រោយចង្វា ជាយ​រាជធានី​ភ្នំពេញ​ ហើយការពីបើកដំណើរការដំបូងមានបុគ្គលិកប្រមាណជាង៣០០នាក់។

យោងតាមប្រភពពីបុគ្គលិក PNN សុំមិនបញ្ចេញឈ្មោះបានប្រាប់ ស៊ីស៊ីថាមស៍ ថា ក្រុមហ៊ុនបានជូនដំណឹងដល់បុគ្គលិកអំពីការបិទស្ថានីយ៍ទូរទស្សន៍ទាំងស្រុងគ្រប់កម្មវិធីទាំងអស់ នៅថ្ងៃទី ១ ឧសភា ឆ្នាំ២០២៦ ក្រោយចូលឆ្នាំខ្មែរ និង ឱ្យបុគ្គលិកស្វែងរកការងារធ្វើថ្មី។ការបិទនេះ ធ្វើឡើងក្រោយពេលក្រុមហ៊ុនទើបតែជម្រុះបុគ្គលិក ដោយសារមិនអាចទ្រទ្រង់ផ្នែកហិរញ្ញវត្ថុរួច។

លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានថ្លែងចាត់ទុក ការបិទទ្វារបស់ស្ថានីយ៍ទូរទស្សន៍ដ៏ធំនៅកម្ពុជា​​ «PNN» គឺជាចរន្តរបស់ពិភពលោក សម្រាប់ប្រព័ន្ធផ្សាយផ្សាយបែបប្រពៃណី ដែលបានបិទទ្វាដោយសារបញ្ហាហិរញ្ញវត្ថុ។ការបិទទ្វានេះ ក៏មានការរួចចំណែកពីការរីកចម្រើននៃបណ្តាញសង្គមបច្ចុប្បន្ន ដោយមនុស្សម្នាក់ៗអាចធ្វើការផ្សព្វផ្សាយដើរតួរជំនួសផ្នែកទីផ្សារ រដ្ឋបាលផ្សេង ដែលនាំឱ្យសារព័ត៌មានអាជីពបាត់បង់ការងារ និងក្លាយជាបញ្ហាប្រឈម៕

Khcct banner

អត្ថបទទាក់ទង