ភ្នំពេញ៖ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា បានសរសើរពីគុណភាពនៃការធ្វើ«ទំនើបកម្មគយ»នៅអាកាសយានដ្ឋានអន្តរជាតិតេជោរបស់ប្រទេសកម្ពុជា និង បានដាក់ក្តីរំពឹងថា កំណែទម្រង់ទាំងនេះ នឹងគាំទ្រដល់មហិច្ឆតារបស់កម្ពុជា ក្នុងការពង្រឹងជំហររបស់ខ្លួន ទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់។ការថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងពេលឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ លោក Stefan Messerer រួមជាមួយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោក Igor Driesmans អញ្ជើញទៅទស្សនកិច្ចនៅអាកាសយានដ្ឋានអន្តរជាតិតេជោ។
យោងតាមសេចក្តីប្រកាសពីទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា លោក Stefan Messerer បានទៅពិនិត្យមើលអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីឃើញដោយផ្ទាល់នូវរបៀបដែលកិច្ចគាំទ្ររួមគ្នារបស់អឺរ៉ុបជួយដល់ការធ្វើទំនើបកម្មគយ និងបង្កើនប្រសិទ្ធភាពពាណិជ្ជកម្ម។
ទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា បានសម្តែងនូវមោទនភាពក្នុងការគាំទ្រការដាក់ឱ្យដំណើរការ ការបំពេញបែបបទគយមុនពេលទំនិញមកដល់ (PAP) តាមប្រព័ន្ធអេឡិចត្រូនិក ដែលជួយឱ្យទំនិញដឹកជញ្ជូនបានលឿន និង រលូនជាងមុន រួមទាំងជួយឱ្យភស្តុភារកម្មកាន់តែមានប្រសិទ្ធភាព និង អាចទុកចិត្តបាន។
លោកឯកអគ្គរដ្ឋទូត Messerer បានមានប្រសាសន៍ថា “ប្រទេសអាល្លឺម៉ង់មានមោទនភាពក្នុងការគាំទ្រប្រទេសកម្ពុជាក្នុងការជំរុញការផ្លាស់ប្តូរឌីជីថលគយរបស់ខ្លួន។ ការធ្វើទំនើបកម្មច្រកទ្វារទាំងនេះ នឹងពន្លឿនពាណិជ្ជកម្ម ជំរុញកំណើនអាជីវកម្ម និង ពង្រឹងស្តង់ដារភាពជឿជាក់សម្រាប់ទីផ្សារសកល”។
ជាមួយការសរសើរ ទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា បានប្រកាសពីគោលជំហររបស់ខ្លួន បន្តគាំទ្រមហិច្ឆតារបស់កម្ពុជា ក្នុងការពង្រឹងសមត្ថភាព ដើម្បីឈានទៅសម្រេចឱ្យបាននូវគោលដៅក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់ តាមរយៈការពង្រឹងការគ្រប់គ្រងទំនិញរហ័ស ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ ដើម្បីគាំទ្រដល់ការរីកចម្រើនយ៉ាងឆាប់រហ័សនៃពាណិជ្ជកម្មអេឡិចត្រូនិក៕