ក្រុមល្បាតសហគមន៍តំបន់ការពារធម្មជាតិភូមិពូត្រំ នៅថ្ងៃទី ២០ ខែមេសា បានចុះល្បាត ត្រង់ចំណុចទឹកជ្រោះក្បាលព្រះ ស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមា និងបានប្រទះឃើញ ដំរីចំនួន ប្រមាណ ៥០ក្បាល ចុះផឹកទឹក តាមការរាយការណ៍មន្ត្រីជំនាញ ក្នុងនោះមានដំរីបណ្តើរកូនតូចជាច្រើន និងមានដំរីឈ្មោលមួយក្បាល មានប្លុកមួយជំហៀង និងកំបុតកន្ទុយផងដែរ។
លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ការរកឃើញដំរីជាច្រើនក្នុងហ្វូង បង្ហាញពីក្តីសង្ឃឹម និងការកើនឡើងនៃចំនួនដំរី បន្ទាប់ពីមានការចូលរួមពីអ្នកពាក់ព័ន្ធ និងការយល់ដឹងពីប្រជាពលរដ្ឋ ក្នុងការថែរក្សាការពារប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះ នៅតាមតំបន់ការពារធម្មជាតិ។
សូមបញ្ជាក់ថា កម្ពុជាកំពុងផ្តោតលើការការពារសត្វដំរីអាស៊ីប្រមាណ ៤០០-៦០០ក្បាល ដែលរស់នៅតាមតំបន់ជួរភ្នំក្រវាញ និងតំបន់ខ្ពង់រាមភាគខាងកើត ភូមិភាគឦសាន។ ក្រសួងបរិស្ថាន និងដៃគូ អនុវត្តផែនការសកម្មភាព ២០២០-២០២៩ ដើម្បីទប់ស្កាត់ការបាត់បង់ជម្រក, បង្ការការដាក់អន្ទាក់, និងកាត់បន្ថយជម្លោះរវាងមនុស្សនិងដំរីជដើម៕