ភ្នំពេញ៖វិបត្តិកូវីដ-១៩បានបង្អាក់ដល់ដំណើរការប្រឡងបាក់ឌុប។ជាដំណោះស្រាយ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា បានប្រកាសអនុញ្ញាតឲ្យសិស្សថ្នាក់ទី១២ដែលបានដាក់ពាក្យប្រឡងទាំងអស់ជាប់ដោយស្វ័យប្រវត្តិដោយមិនមានកំណត់និទ្ទេស។ការជាប់ដោយស្វ័យប្រវត្តិនាឆ្នាំនេះ ជាការល្អសម្រាប់ស្ថានការណ៍នៃជំងឺកូវីដ១៩ តែវាអាចនឹងប៉ះពាល់ដល់ការសិក្សា សម្រាប់សិស្សនៅថ្នាក់ឧត្តមសិក្សា។
ជាសិស្សមួយរូបនៅខេត្តបាត់ដំបង យុវតី គង់ ស្រីមុំ បានលើកឡើងថា ការសម្រេចឱ្យសិស្សទី១២ជាប់ដោយមិនមានការប្រឡង និងមិនមានការកំណត់និទ្ទេសមិនសូវជាល្អប៉ុន្មានទេ ប៉ុន្តែបើគិតពិចារណាឲ្យច្បាស់ជាងនេះបន្តិច ការណ៍ដែលរដ្ឋាភិបាលសម្រេចបែបនេះគឺជាដំណោះស្រាយសមរម្យមួយចំពោះស្ថានការណ៍នៅពេលនេះស្របពេលដែលកម្ពុជាកំពុងប្រឈមនិងការឆ្លងនៃជំងឺកូវីដ១៩ ។
យុវតីរូបនេះបន្តទៀតថា ចំពោះរូបគេ គឺមានការខកចិត្តបន្តិចបន្តួចដែរ ដែលមិនបានបញ្ចេញសមត្ថភាពរបស់ខ្លួនតាមរយៈការប្រឡង ដែលខ្លួនបានខិតខំត្រៀមខ្លួនអស់រយៈយូរហើយ បែជាត្រូវមកជួបនឹងព្រឹត្តិការណ៍បែបនេះទៅវិញ។
បន្ថែមពីនេះ ស្រីមុំ យល់ឃើញថា សម្រាប់សិស្សដែលមិនបានខំរៀនតាំងពីដើមមក អាចនឹងប្រឈមនិងការប៉ះពាល់នៅថ្នាក់ឧត្តមសិក្សា ព្រោះអ្នកទាំងនោះមិនមានគ្រឹះច្បាស់លាស់ និងមិនបានត្រៀមគោលដៅសម្រាប់ការសិក្សានៅថ្នាក់បន្ទាប់។
ចំណែកសិស្សថ្នាក់ទី១២មួយរូបសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា រូបគេពិតជាមានការអាក់អន់ស្រពន់ចិត្ត ដោយសារតែចង់បញ្ចេញសមត្ថភាពរបស់ខ្លួន បើទោះបីជាទទួលបានលទ្ធផលល្អឬមិនល្អក៏គេសប្បាយចិត្តដែរ តែនៅពេលដែលក្រសួងសម្រេចឱ្យជាប់ដោយស្វ័យប្រវត្តិ និងគ្មាននិន្ទេសដូច្នេះវាជារឿងមួយដែលធ្វើឱ្យពួកគេមិនសប្បាយចិត្ត។ សម្រាប់ផលវិបាកនៅសាកលវិទ្យាល័យប្រាកដជាមានហើយ តែសម្រាប់អ្នកដែលគេបានរៀបចំគោលដៅ និងត្រៀមខ្លួនរួចរាល់ច្បាស់ណាស់ថាគេអាចធ្វើបាន ហើយចំណែកសិស្សដែលមិនខំរៀនតាំងពីដើមមក ទោះក្រសួងឱ្យជាប់ស្វ័យប្រវត្តិក៏នៅតែមានការលំបាកដែរព្រោះគេមិនមានមូលដ្ឋានគ្រឹះពីថ្នាក់ក្រោមមក។
មិនខុសពីសិស្សានុសិស្សផ្សេងទៀត ជាសិស្សមួយរូបមកពីខេត្តតាកែវ យុវតី សាវឿន ស្រីនុច យល់ឃើញថា ការជាប់ឌីប្លូមនិងបាក់ឌុបដោយជាស្ថាពរដោយគ្មានការកំណត់និទ្ទេស មិនមែនជារឿងល្អ ដែលគួរនឹងទទួលយកនោះឡើយ។ ដោយហេតុថាជាការធ្វើអោយបាត់បង់នូវគុណភាពការអប់រំ ចំណែកឯសិស្សបាត់បង់ទឹកចិត្ត និងក្ដីសង្ឃឹមចំពោះការខិតខំប្រឹងកន្លងមក ដែលម្នាក់ៗសង្ឃឹមថានឹងអាចឃើញលទ្ធផលចំពោះការសិក្សាតាមរយៈការប្រលងនិងការបញ្ជាក់និទ្ទេស។
ពិសេសជាងនេះទៅទៀត ចំពោះការកំណត់ឱ្យជាប់ស្វ័យប្រវត្តិបែបនេះ ចំពោះសិស្សមួយភាគធំដែលតែងតែមានការអាក់អន់ចិត្ត ព្រោះមិនបានវាស់ស្ទង់ថាខ្លួនឯងនៅកម្រិតណាចំពោះការខិតខំប្រឹងប្រែងរយះពេល១២ឆ្នាំចំពោះលទ្ធផលពេលប្រឡងបាក់ឌុប។
ជាងនេះទៅទៀត ការជាប់ដោយស័្វយប្រវត្តិអាចធ្វើអោយប៉ះពាល់ដល់គុណភាពអប់រំនៅថ្នាក់ឧត្តមសិក្សាផងដែរ ព្រោះចំពោះសិស្សដែលមិនបានចូលរៀនញឹកញាប់មិនដែលបានចូលសិក្សានិងយកចិត្តទុកដាក់ចំពោះការរៀន ជាហេតុធ្វើអោយប៉ះពាល់ដល់គុណភាពនៃការសិក្សានៃថ្នាក់ឧត្តមសិក្សាធ្វើអោយបាត់បង់និស្សិតនៃឆ្នាំសិក្សាបន្ដបន្ទាប់ក្រោយពេលដែលសិស្សបោះបង់ការសិក្សា។
យ៉ាងណាមិញ ទាក់ទងនិងបញ្ហាដាក់ពាក្យចូលរៀន ក៏ដូចជាការដាក់អាហារូបករណ៍ចូលសាលាផ្សេងៗនិងការកំណត់នានាដែលសិស្សថ្នាក់ទី១២កំពុងជួបប្រទះ មិនទាន់មានការបកស្រាយពីក្រសួងអប់រំ យុវជន និងកីឡានៅឡើយទេ។
សូមជម្រាបជូនថា ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ឲ្យ “ជាប់ជាស្ថាពរ” ចំពោះ បេក្ខជនទាំងអស់ (រួមទាំង បេក្ខជនស្វៃរិន បំពេញវិជ្ជា និងស្វៃរិនបំពេញវិជ្ជា) ដែលបានចុះឈ្មោះប្រឡង ឆ្នាំសិក្សា២០១៩-២០២០ ដោយគ្មានការកំណត់និទ្ទេស បន្ទាប់ពីមានការស្នើសុំតាមរយៈប្រមុខរាជរដ្ឋាភិបាល ស្របពេលដែលកម្ពុជាកំពុងមានការផ្ទុះនៃជំងឺកូវីដ១៩ជាសហគមន៍៕