ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចការសាងសង់បាន៦៨%ហើយ ដែលមានន័យថាគម្រោងនេះសម្រេចការងារលឿនជាងផែនការ៦% និងត្រៀមបញ្ចប់នៅចុងឆ្នាំ២០២៧ខាងមុខ។ នេះបើតាមលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។
បើតាមអ្នកនាំពាក្យ គម្រោងសម្រេចបានរួមមាន៖ ផ្នែកគ្រឹះស្ពាន សម្រេចបាន១០០% ផ្នែករចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន៨៩%។ រចនាសម្ព័ន្ធលើស្ពានសម្រេចបាន២៨% រួមមាន៖ ធ្នឹម T ចាក់ ១៨០ ដើម សម្រេចបាន ១៣២ ដើម, ធ្នឹម T ចាក់នៅកន្លែង ១៨០ដើម សម្រេចបាន ១៥៦ដើម។ បណ្តាញ ផ្លូវសម្រេចបាន ៤៤.៤% រួមមាន៖ តភ្ជាប់ សម្រេចបាន ៥០% ផ្លូវបង្វែរទិស(Ram) សម្រេចបាន ៤២%។
នៅពេលសាងសង់រួច គម្រោងនេះ នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្ស ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ និងជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ កាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍក្នុងតំបន់។
គួរបញ្ជាក់ថា ស្ពានចាក់អង្រែក្រោម-ព្រែកប្រា សម្ពោធបើកការដ្ឋានកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៕