ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃនេះបានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជាថា នឹងរងឥទ្ធិពលព្យុះទី៤ ឈ្មោះ ស៊ីនឡាគូ (Sinlaku) T2604។ ព្យុះនេះ មានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើកម្ពុជា។ គន្លងផ្លូវដើររបស់ព្យុះនេះពុំមានឥទ្ធិពលខ្លាំងមកលើកម្ពុជានោះទេ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសកម្ពុជា អាចមានភ្លៀងធ្លាក់ ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។
១-តំបន់វាលទំនាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C។ ខ្យល់បក់ មកពីទិសបូព៌ និងទិសអាគ្នយ៍មានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ ស្វាយរៀង ព្រៃវែង កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្ដប់លើផ្ទៃដី ១៥% ។
២-តំបន់ខ្ពង់រាប៖សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C។ ខ្យល់បក់ មកពីទិសឦសាន និងទិសបូព៌មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្ដរមានជ័យ ក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដី ២០%។
៣-តំបន់មាត់សមុទ្រ៖សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C។ ខ្យល់បក់ មកពីទិសនិរតី និងទិសអាគ្នយ៍មានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើ ផ្ទៃដី ១៥%។ ចំណែកឯ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១ ម៉ែត្រ៕