សៀមរាប៖ អាជ្ញាធរជាតិអប្សរា នាថ្ងៃទី៩ មេសា បានប្រកាសពីការថែទាំសុខភាពដល់ភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅតំបន់អង្គរ នាពេលបច្ចុប្បន្ន ពិសេសក្នុងខែមេសានេះ អាកាសធាតុនឹងបន្តកើនកម្ដៅ តំបន់មួយចំនួនអាចទទួលរងសំពាធខ្យល់ក្តៅខ្លាំង ដើម្បីជៀសវាងមានបញ្ហាប្រឈមក្នុងដំណើរទស្សនារបស់ភ្ញៀវជាតិ-អន្តរជាតិ។ អាជ្ញាធរជាតិអប្សរា បង្ហាញពីការព្រួយបារម្ភពីផលប៉ះពាល់ និងគ្រោះថ្នាក់ជាយថាហេតុណាមួយ ដែលអាចកើតឡើង ចំពោះភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទូទៅ។
អាជ្ញាធរជាតិអប្សរា បានសំណូមពរឱ្យមានបង្កើនការយកចិត្តទុកដាក់មួយចំនួន ដូចជា៖ ទទួលទានទឹកឱ្យបានគ្រប់គ្រាន់ ចៀសវាងកើតមានបញ្ហាផ្នែកសុខភាពណាមួយ, ពាក់មួកដើម្បីការពារកម្ដៅថ្ងៃ ជាពិសេសចូលរួមប្រើប្រាស់មួកស្លឹកត្នោត ដែលជាអត្តសញ្ញាណជាតិខ្មែរ, ប្រើប្រាស់ផលិតផលការពារស្បែក ចៀសវាងផលប៉ះពាល់ដោយកម្ដៅថ្ងៃ និងស្លៀកសំលៀកបំពាក់សមរម្យ ដែលបង្កភាពងាយស្រួលដល់ខ្លួន ស្របតាមក្រមប្រតិបត្តិអង្គរ។
ដោយឡែក ចំពោះសមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទេសក៍ទេសចរណ៍ មគ្គុទេសក៍ទេសចរណ៍ ក្រុមហ៊ុន ទេសចរណ៍ សមាគមអ្នកបើកបររថយន្តដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកបើកបរដឹកជញ្ជូនភ្ញៀវទេសចរ សូមមេត្តាចូលរួមសហការជិតស្និទ្ធដូចជា៖ -ណែនាំ និងចែករំលែកព័ត៌មានជូនភ្ញៀវទេសចរអំពីស្ថានភាពអាកាសធាតុក្តៅ និងមធ្យោបាយការពារ ឱ្យបានតាមគ្រប់រូបភាព និងតាមលទ្ធភាពដែលអាចធ្វើទៅបាន, កំណត់កាលវិភាគទស្សនាឱ្យបានសមរម្យ ចៀសវាងរៀបចំដំណើរទស្សនកិច្ចច្រើនកន្លែងពេកក្នុងមួយថ្ងៃ និងយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ។ល។
ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរាសូមអំពាវនាវដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ បងប្អូនប្រជាពលរដ្ឋរស់ នៅជុំវិញឧទ្យានអង្គរ ក៏ដូចជាសាធារណជនទាំងអស់ សូមមេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងឱ្យបានការចោល សម្ភារ ឬឧបករណ៍ ក៏ដូចជាការដុតស្លឹកឈើ ជញ្ជាំង សំរាម ឬឧបករណ៍ផ្សេងៗទុកចោលជាដើម ដែលងាយឆាបឆេះ ចូលរួមបង្ការឱ្យបានការឆេះព្រៃ និងផ្ទះសម្បែងជាយថាហេតុនានា៕