តាកែវ៖ លោក ស៊ុន ចាន់ថុល នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ បានចុះពិនិត្យទីតាំងត្រៀមបើកការដ្ឋានសាងសង់«ព្រែកជីកហ្វូណនតេជោ» កំណាត់ទី២ ក្នុងខេត្តតាកែវ។ តាមផែនការគ្រោងទុក គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ ប្រវែង១៥១,៦ គីឡូម៉ែត្រ (ព្រែកពោធិ៍ ខេត្តកណ្តាល - សមុទ្រ ខេត្តកែប) នឹងបើកការដ្ឋានសាងសង់ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការពិសេសដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានដឹកនាំគណៈប្រតិភូអន្តរក្រសួងចុះពិនិត្យការងាររៀបចំពិធីបើកការដ្ឋានសាងសង់ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ ប្រវែង១៥១,៦ គីឡូម៉ែត្រ (ព្រែកពោធិ៍ ខេត្តកណ្តាល - សមុទ្រ ខេត្តកែប) ដែលនឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងនោះដែរ ក៏មានវត្តមានចូលរួមអមដំណើរ លោក ស៊ុន ចាន់ថុល ក្នុងការបំពេញបេសកកម្មការងារនាឱកាសនេះ រួមមាន រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន សមាជិកគណៈកម្មាធិការពិសេស និងជាប្រធានលេខាធិការដ្ឋាន, អភិបាល នៃគណៈអភិបាលខេត្តតាកែវ, តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាសមាជិកចំណុះគណៈកម្មាធិការពិសេស, និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
គួរបញ្ជាក់ថា គម្រោង «ព្រែកជីកហ្វូណនតេជោ» មានប្រវែងសរុប ១៨០ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងកែប។ គម្រោងមហិច្ឆតានេះ ប្រើប្រាស់ទុនវិនិយោគប្រមាណ ១,៧ ពាន់លានដុល្លារអាម៉េរិក ដែលនឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ជួយសម្រួលដល់ការដឹកជញ្ជូនតាមផ្លូវទឹក និងពង្រឹងឯករាជ្យភាពនៃវិស័យភស្តុភារកម្មរបស់កម្ពុជា៕