លីយ៉ុង៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត បានប្រកាសជាថ្មីពីគោលបំណងចម្បងរបស់កម្ពុជា គឺការពង្រីកជើងហោះហើរត្រង់មកកម្ពុជា ពីបណ្តាប្រទេសនានានៅជុំវិញពិភពលោក។ការប្រកាសនេះ ធ្វើឡើងក្នុងពេលសម្តេច ជួបជាមួយលោក Rémi Maumont de Longevialle នាយកប្រតិបត្តិក្រុមហ៊ុន VINCI Airports។
ក្រុមហ៊ុន VINCI Airports គឺជាក្រុមហ៊ុនបារាំង និងកំពុងវិនិយោគនៅកម្ពុជាលើវិស័យអាកាសចរណ៍។ក្នុងជំនួបជាមួយសម្តេច ក្រុមហ៊ុន បានប្រាប់ពីការងាររបស់ខ្លួនក្នុងការផ្តោតលើការផ្សារភ្ជាប់ និង ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនអាកាសចរណ៍នៃបណ្តាប្រទេសនានា ក្នុងគោលបំណងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ មកកាន់កម្ពុជា ព្រមទាំងជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត។
ក្នុងជំនួបនោះ សម្តេច ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏មានសារៈសំខាន់ និង ការរួមចំណែករបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា។សម្តេច បានជម្រាបជូនអំពីការដាក់ឱ្យដំណើរការជាផ្លូវការនូវ «អាកាសយានដ្ឋានអន្តរជាតិតេជោ» ហើយរាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនក្រសួងស្ថាប័នពាក់ព័ន្ធ ពិភាក្សាជាមួយក្រុមហ៊ុន និងវិស័យឯកជន ដើម្បីស្វែងរកមធ្យោបាយថ្មីៗ សំដៅជំរុញសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។ សម្តេចបានសង្កត់ធ្ងន់ថា គោលបំណងចម្បងរបស់កម្ពុជា គឺការពង្រីកជើងហោះហើរត្រង់មកកម្ពុជា ពីបណ្តាប្រទេសនានានៅជុំវិញពិភពលោក៕