681 ezgif.com resize
Swift cc time

សមាគមឧកញ៉ា ពិភាក្សាជាមួយ SDF លើគម្រោងវិនិយោគថ្មីក្នុងការបង្កើតរោងចក្រផលិតឧបករណ៍បច្ចេកវិទ្យានៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ សមាគមឧកញ៉ា បានជួបពិភាក្សាជាមួយតំណាងមូលនិធិអភិវឌ្ឍន៍ជំនាញ(SDF) លើកិច្ចសហការអភិវឌ្ឍធនធានមនុស្សសម្រាប់គម្រោងវិនិយោគថ្មីក្នុងការបង្កើតរោងចក្រផលិតឧបករណ៍បច្ចេកវិទ្យានៅកម្ពុជា និងការពង្រីកទៅកាន់ការផលិតឧបករណ៍អេឡិចត្រូនិចនានាដែលមានតម្រូវការក្នុងទីផ្សារនាពេលអនាគត។ ជំនួបនេះត្រូវបានធ្វើឡើងរវាងអ្នកឧកញ៉ា សំ សុខនឿន សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា ជាមួយថ្នាក់ដឹកនាំ នៃមូលនិធិអភិវឌ្ឍន៍ជំនាញ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។

ខ្លឹមសារសំខាន់ៗនៃជំនួបពិភាក្សារួមមាន៖ ការជំរុញផលិតកម្មក្នុងស្រុក ជាការត្រៀមលក្ខណៈបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញដើម្បីគាំទ្រដល់ផែនការបង្កើតរោងចក្រដំឡើងឧបករណ៍បច្ចេកវិទ្យា និងថេប្លេត (Tablets) របស់ក្រុមហ៊ុន KH Haitech នៅកម្ពុជា។ ការគាំទ្របច្ចេកទេសកម្រិតសកល៖ គម្រោងនេះមានការសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនអន្តរជាតិ Haier Group ដើម្បីនាំយកបច្ចេកវិទ្យា និងស្តង់ដាផលិតកម្មកម្រិតពិភពលោកមកកាន់កម្ពុជា។

ជាមួយគ្នានេះ ភាគីទាំងពីរក៏បានពិភាក្សាពីការកសាងកម្លាំងពលកម្មនាពេលអនាគត ដែលត្រូវរៀបចំអភិវឌ្ឍកម្លាំងពលកម្មកម្ពុជាឱ្យមានជំនាញបច្ចេកទេសទាំងកម្រិតមធ្យម និងកម្រិតខ្ពស់ ដើម្បីធានាបាននូវខ្សែច្រវ៉ាក់ផលិតកម្មពេញលេញដែលស្របតាមតម្រូវការឧស្សាហកម្មឌីជីថល និងថាមពលស្អាត។

តាមរយៈកិច្ចពិភាក្សានេះ បានបង្ហាញពីការកើនឡើងនៃទំនុកចិត្តពីវិនិយោគិនអន្តរជាតិមកលើកម្ពុជា ហើយ SDF នឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការភ្ជាប់ទំនាក់ទំនងរវាងក្រុមហ៊ុន ជាមួយគ្រឹះស្ថានបណ្តុះបណ្តាល ដើម្បីរៀបចំកម្មវិធីបណ្តុះបណ្តាល ឆ្លើយតបត្រូវនឹងតម្រូវការពិតប្រាកដរបស់រោងចក្រ-សហគ្រាស៕


Khcct banner

អត្ថបទទាក់ទង