ស្វាយរៀង៖ លោក ប្រាក់ អង្គារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅដ្ឋាននៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី នៅថ្ងៃទី ៦ ខែមេសានេះ បានរៀបពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍លំនៅដ្ឋាន ដែលរាជរដ្ឋាភិបាលបានរៀបចំជូនគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ ចំនួន១២៦ខ្នងផ្ទះ នៅលើដីសម្បទានសង្គមកិច្ចដែលមានទីតាំងស្ថិតនៅក្នុងភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
ពិធីចាប់ឆ្នោតប្រគល់លេខផ្ទះនេះបានធ្វើឡើងនៅសាលប្រជុំមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទា ខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពី លោក អ៊ុ សុខ អគ្គលេខាធិការរងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង ព្រមទាំងគ្រួសារគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ ទាំង១២៦គ្រួសារ។
ផ្ទះ និងដីឡូតិ៍នៅដ្ឋាន ទាំង១២៦ខ្នង ដែលរាជរដ្ឋាភិបាលបានផ្ដល់ជូនគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ នឹងត្រូវរៀបចំពិធីប្រគល់នៅថ្ងៃទី៧ ខែមេសាស្អែកនេះ ក្រោមអធិបតីភាពសម្តេច ម៉ែន សំអន ប្រធានគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។
សូមបញ្ជាក់ថា ការផ្ដល់អំណោយផ្ទះ និងដីលំនៅដ្ឋាននេះ ជាគោលនយោបាយពិសេសរបស់សម្ដេច ហ៊ុន សែន ចាប់តាំងពីសម្ដេចនៅជានាយករដ្ឋមន្ត្រី ដើម្បីតបស្នងជូនចំពោះគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ ដែលជាយុទ្ធមិត្តរួមអាវុធ តស៊ូក្នុងភ្លើងសង្គ្រាម ដើម្បីរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត៕