681 ezgif.com resize
Swift cc time

ប្រទះឃើញកូនផ្សោតកើតថ្មី ១ក្បាល នៅអន្លង់ផ្សោតកាំពី ខេត្តក្រចេះ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ក្រចេះ៖ ប្រទះឃើញកូនផ្សោតកើតថ្មី ១ក្បាលនៅអន្លង់ផ្សោតកាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី៣១ មីនា ដែលបានបណ្តាលឱ្យចំនួនផ្សោតទន្លេមេគង្គនៅកម្ពុជាកើនឡើងដល់ ១១៧ក្បាល។

ក្រុមការងារស្រាវជ្រាវនៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF បានប្រទះឃើញកូនផ្សោតកើតថ្មី នៅអន្លង់ផ្សោតកាំពី ភូមិកាពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កូនផ្សោតថ្មីនេះ មានអាយុប្រមាណ៣ថ្ងៃ មានសុខភាពល្អ ស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យប្រមាណ៥ក្បាលផ្សេងទៀត និងបណ្តើរដោយផ្សោតធំដែលមានលេខកូដសម្គាល់២១។ នេះជាកូនផ្សោតទី៥ ត្រូវបានកត់ត្រានៅដើមឆ្នាំ២០២៦។

ការងារគ្រប់គ្រង ការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គ គឺជាការងារអាទិភាពមួយ នៅក្នុងចំណោមការងារអាទិភាពជាច្រើនផ្សេងទៀត របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ សត្វផ្សោត ក៏ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថា ជារតនសម្បត្តិជាតិមានជីវិតដ៏ពិសិដ្ឋ មានតម្លៃផ្នែកទេសចរណ៍ និងកំពុងបន្តនាំមកនូវកិត្យានុភាពសម្រាប់កម្ពុជា ទាំងនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន សហគមន៍នេសាទ និងអង្គការដៃគូ ក្នុងការទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ឱ្យបានជាអតិបរមា ដើម្បីធានានិរន្តរភាពសត្វផ្សោតក្នុងទន្លេមេគង្គឱ្យឋិតថេរគង់វង្ស និងមានចំនួនកើនឡើងកាន់តែច្រើនថែមទៀតសម្រាប់កូនចៅជំនាន់ក្រោយ៕

Khcct banner

អត្ថបទទាក់ទង