681 ezgif.com resize
Swift cc time

សមាគមជប៉ុន-កម្ពុជា (JCA) សន្យាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងសុខាភិបាល)

ភ្នំពេញ៖ សមាគមជប៉ុន-កម្ពុជា (JCA) សន្យាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងជួយពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ជប៉ុន-កម្ពុជា លើវិស័យសុខាភិបាល ដោយខិតខំជាបន្ថែមទៀត ជំរុញឱ្យសមាគមធុរកិច្ចជប៉ុនសហការ និងបង្កើនទំនាក់ទំនងការងារ ជាមួយភាគីពាក់ព័ន្ធនៃប្រទេសទាំងពីរ។ ប្រសាសន៍នេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦។

នាឱកាសនោះ លោកសាស្ត្រាចារ្យ ឈាង រ៉ា បានស្វាគមន៍ និងថ្លែងអំណរគុណលោក Fumiaki Takahashi ដែលកន្លងមកតែងតែជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ ជាពិសេសវិស័យសុខាភិបាលតាមរយៈការកសាងប្រព័ន្ធថែទាំសុខភាព ការផ្តល់ហិរញ្ញប្បទាន ក្រោមក្របខណ្ឌជំនួយសហប្រតិបត្តិការបច្ចេកទេស និងហិរញ្ញប្បទានឥតសំណងដល់វិស័យសុខាភិបាល ជាច្រើននាពេលកន្លងមក ទាំងក្នុងនាមជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុននៅព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមជាប្រធានសមាគមជប៉ុន-កម្ពុជា។

ជាមួយគ្នានេះ លោក Fumiaki Takahashi អតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពុជា (Japan-Cambodia Association (JCA) បានបញ្ជាក់ថា សមាគមជប៉ុន-កម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងការសម្របសម្រួល ដឹកនាំក្រុមហ៊ុនជប៉ុន មកធ្វើការវិនិយោគនៅកម្ពុជា ក្នុងនោះរួមទាំងសហគ្រាសធុនតូច និងមធ្យម (SMEs) ដែលមានចំណាប់អារម្មណ៍ ចំពោះវិស័យសំខាន់ៗ នៅកម្ពុជា ព្រមទាំងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងសុខាភិបាល ទៅលើការអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការជាប្រព័ន្ធ។

លោកសាស្រ្តាចារ្យ ឈាង រ៉ា ក៏បានលើកទឹកចិត្តសមាគមជប៉ុន-កម្ពុជា បន្តជួយសហការកៀររគរ វិនិយោគិនជប៉ុនទាំងផ្នែកឯកជន និងអង្គការសប្បុរសធម៌នានាបន្ថែមទៀត មកបណ្តាក់ទុនវិនិយោគក៏ដូចជាជំនួយសហប្រតិបត្តិការអភិវឌ្ឍវិស័យសុខាភិបាល

លោក Fumiaki Takahashi បានសន្យាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងជួយពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ជប៉ុន-កម្ពុជា លើវិស័យសុខាភិបាល ដោយខិតខំជាបន្ថែមទៀត ជំរុញឱ្យសមាគមធុរកិច្ចជប៉ុនសហការ និងបង្កើនទំនាក់ទំនងការងារ ជាមួយភាគីពាក់ព័ន្ធនៃប្រទេសទាំងពីរ៕


Khcct banner

អត្ថបទទាក់ទង