ភ្នំពេញ៖ ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ២០២៦នេះ ពោលគឺក្នុងរយៈពេល៩ខែ ចុងក្រោយ សមត្ថកិច្ចកម្ពុជាក្នុងរាជធានី-ខេត្តបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានចំនួនជាង២៥០ ករណី និងបានកសាងសំណុំរឿង បញ្ចូនទៅតុលាការចំនួន ៨០ករណី ពាក់ព័ន្ធជនសង្ស័យប្រមាណ៧៥០នាក់ មានជនជាតិចិន ថៃ វៀតណាម ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី និងខ្មែរដែរ។
លោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានដឹកនាំប្រតិភូនៃលេខាធិការដ្ឋានគ.ប.ឆ.ប. ដើម្បីចូលរួមក្នុងកិច្ចប្រជុំស្តីពី «ការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅកម្ពុជា» ដែលត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោក ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា។
នៅក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកសមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និងថ្នាក់ដឹកនាំនៃលេខាធិការដ្ឋានគ.ប.ឆ.ប សរុបចំនួន ២១៣នាក់។
លោក ឆៃ ស៊ីណារិទ្ធ បានមានប្រសាសន៍ថា ក្នុងក្របខណ្ឌប្រតិបត្តិការបោសសម្អាតទូទាំងប្រទេសរយៈពេល៩ខែចុងក្រោយនេះ ជនបរទេសចំនួន ១១,០០០ នាក់ រួមមានជនជាតិចិន, វៀតណាម, ឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា, ប៉ាគីស្ថាន និងថៃ ត្រូវបានបណ្តេញចេញពីកម្ពុជាពាក់ព័ន្ធOnline Scams ។ ជាមួយគ្នានេះ អាជ្ញាធរបានបន្តចុះត្រួតពិនិត្យទីតាំងដែលមានការសង្ស័យ ក្នុងរាជធានីខេត្ត ចំនួនជាង១០,០០០កន្លែង ដែលមានវត្តមានជនបរទេសប្រមាណ៨០,០០០នាក់ស្នាក់នៅ ស្មើនឹង ៧៨ សញ្ជាតិ ។
លោកបានជម្រាបជូនអង្គប្រជុំទៀតថា ក្រុមបោកប្រាស់តាមអនឡាញលែងប្រមូលផ្តុំគ្នានៅក្នុងកាស៊ីណូ ឬ អគារធំៗ ដូចមុនទៀតហើយ ដោយសារកិច្ចខិតខំចុះបង្រ្កាបបានបំបែកសំបុកឧក្រិដ្ឋជនទាំងនោះ។ ក្រុមឧក្រិដ្ឋជនឆបោកដែលនៅសេសសល់ បានរត់គេចពីសមត្ថកិច្ច ដោយបានបំបែកគ្នាជាក្រុមតូចៗទៅធ្វើលបលួចធ្វើសកម្មជួលនៅតាមបុរី, ផ្ទះល្វែង ឬខុនដូ ជាលក្ខណៈដាច់ដោយឡែក ហើយបន្លំខ្លួនជាមួយប្រជាពលរដ្ឋ ដើម្បីគេចចេញពីការតាមចាប់របស់សមត្ថកិច្ច។
លោក ឆៃ ស៊ីណារិទ្ធ បានពន្យល់អំពីរូបភាព និងទម្រង់នៃការឆបោក ដែលក្រុមសមត្ថកិច្ចជំនាញបានប្រមូល និងចងក្រងជាភស្តុតាង រួមមាន ការបោកប្រាស់ក្រោមរូបភាពបង្កើតទំនាក់ទំនងស្នេហា ការឆបោកឱ្យដាក់ទុនក្នុងគម្រោងវិនិយោគដើម្បីទទួលផលចំណេញ ឬការប្រើកម្មវិធីឈ្នះរង្វាន់ជាធ្នាក់ដើម្បីឱ្យពលរដ្ឋផ្ទេរប្រាក់ ក៏ដូចជាសកម្មលួចយកទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់, និង ការបោកប្រាស់ការងារដែលផ្តល់ប្រាក់ខែច្រើនជាដើម។
លោកបានជម្រាបជូនអង្គប្រជុំបន្ថែមថា ដើម្បីពង្រឹងប្រសិទ្ធភាព និងនិរន្តរភាពសម្រាប់ក្នុងការប្រឆាំងអំពើឆបោកអនឡាញនេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្តួចផ្តើមការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ កន្លងទៅនេះ ហើយនឹងត្រូវឆ្លងព្រឹទ្ធសភានៅថ្ងៃទី៣ ខែមីនា ខាងមុខនេះ។ រាជរដ្ឋាភិបាលកម្ពុជា មានការជឿជាក់ថា ច្បាប់នេះ ក្រោយពេលត្រូវបានប្រកាសដាក់ឱ្យអនុវត្តហើយ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការធានាមិនឱ្យការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាវិលត្រលប់មកកម្ពុជាវិញឡើយ៕