បាត់ដំបង៖ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី ៣១ មីនា បានចេញក្នុងសេចក្តីថ្លែងការណ៍លម្អិតពីដំណើរដើមទងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កដោយយុវជនវ័យក្មេង ស៊ីវ ជ័យពិដ្ឋ ដែលមានឪពុកជាស្នងការរងទទួលផែនសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ក្នុងសេចក្តីថ្លែងការណ៍នោះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បង្ហាញការសន្និដ្ឋានថា យុវជន ស៊ីវ ជ័យសិដ្ឋ ពិតជាអ្នកបើករថយន្តបុកម៉ូតូបណ្តាលឱ្យស្លាប់មនុស្ស៦នាក់ រួមទាំងកូនក្នុងផ្ទៃអាយុ៣ខែ ខណៈឪពុកបានបដិសេធថា មិនអាចទាក់ទងកូនបាន។
ក្នុងសេចក្តីថ្លែងការណ៍ បានរៀបរាប់ថា កាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង២២៖៤០នាទីលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែតលេខ២៤៦-២៤៧ ស្ថិតក្នុងក្រុមទី១២ ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តមួយគ្រឿងម៉ាក MERCEDESBENZ AMG GT53 ពណ៌ខ្មៅស៊េរីឆ្នាំ២០២០ពាក់ផ្លាកលេខកម្ពុជា C.S.6168 បុកជាមួយម៉ូតូចំនួន២គ្រឿង។
ម៉ូតូទី១ ម៉ាកហុងឌីម HONDADREAM ពណ៌ខ្មៅពាក់ផ្លាកលេខបាត់ដំបង1H-2105 ជិះគ្នាចំនួន ៣នាក់ បណ្តាលឱ្យស្លាប់ចំនួន ២នាក់ និង រងរបួសធ្ងន់ចំនួន ១នាក់ប្រុស និង ម៉ូតូទី២ ម៉ាកហុងដាឌ្រីម HONDA DREAM ពណ៌ខ្មៅពាក់ផ្លាកលេខ បាត់ដំបង 1S-1965 ជិះគ្នាចំនួន ៣នាក់បណ្តាលឱ្យស្លាប់ចំនួន ០៣នាក់ប្រុសចំនួន២នាក់ស្រីចំនួន ១នាក់។ក្នុងហេតុការណ៍នេះ ជនរងគ្រោះស្លាប់៥នាក់ ប្រុស២នាក់ ស្រី៣នាក់ ក្នុងនោះស្រីម្នាក់មានផ្ទៃពោះ៣ខែផង។ចំណែកអ្នកបើកបររត់គេចខ្លួនបាត់។
បើតាមរបាយការណ៍ពីនគរបាល តាមរយៈផ្លាកលេខរថយន្ត កម្ពុជា C.S.6168 សមត្ថកិច្ចបានធ្វើការស្រាវជ្រាវស្វែងរកឃើញអត្តសញ្ញណម្ចាស់រថយន្តមានឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទប្រុសឆ្នាំ កើតនៅខែធ្នូ ឆ្នាំ២០០៦ មានទីលំនៅផ្ទះលេខ ១៧ ផ្លូវលេខ ១២ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លុះដល់ថ្ងៃទី៣០ ខែមីនា សមត្ថកិច្ចនគរបាលបានទាក់ទងទៅឈ្មោះ ស៊ីវ សុជាតិ ជាឪពុក ដើម្បីឱ្យសហការ និងបានទទួលស្គាល់ថា គឺជាកម្មសិទ្ធរបស់កូនលោកឈ្មោះ ស៊ីវ ជ័យសិដ្ឋ ប្រាកដមែន។
ឪពុករបស់យុវជន ស៊ីវ ជ័យសិដ្ឋ ដដែលបានបន្តថា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ កូនគាត់នេះបើករថយន្តចេញពីភ្នំពេញ មកផ្លូវបាត់ដំបង ហើយថ្ងៃដដែលគាត់បានទទួលទូរស័ព្ទពីប្រពន្ធគាត់ប្រាប់ថា កូនឈ្មោះ ស៊ីវ ជ័យសិដ្ឋ ជួបគ្រោះថ្នាក់ចរាចរណ៍នៅខេត្តបាត់ដំបង ប៉ុន្តែមកដល់ថ្ងៃនេះ គាត់មិនបានទទួលដំណឹងថា កូនរបស់គាត់ស្ថិតនៅទីណានោះទេ៕