ឧត្ដរមានជ័យ៖ ក្រសួងកសិកម្ម ត្រៀមរៀបចំសហគមន៍កសិកម្មទំនើប គាំទ្រដល់បងប្អូនជនភៀសសឹកជាង ២០០គ្រួសារ ដែលកំពុងរស់នៅលើជម្រកបណ្តោះអាសន្ន នៅក្នុងតំបន់ដីសម្បទានសង្គមកិច្ច LASEDIII នៃភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ។
បើតាមលោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម បានបញ្ជាក់ថា ក្រសួងកសិកម្ម កំពុងជំរុញការអភិវឌ្ឍផ្នែកកសិកម្មបន្ថែម ដើម្បីធានាថាបងប្អូនជនភៀសសឹកដែលទើបតាំងទីលំនៅថ្មីនេះ អាចទទួលបានប្រាក់ចំណូលប្រចាំថ្ងៃប្រកបដោយស្ថិរភាព។ សកម្មភាពកសិកម្មអាទិភាពចំនួន ៣ ដែលកំពុងត្រូវបានរៀបចំរួមមាន៖ ការដាំដុះដំណាំអាស្រ័យទឹកភ្លៀង ការដាំដុះបន្លែក្នុងផ្ទះសំណាញ់ និងការចិញ្ចឹមមាន់ស្រែ។
ការគាំទ្រតាមរយៈយន្តការ«សហគមន៍កសិកម្មទំនើប» នឹងជួយឱ្យបងប្អូនប្រជាពលរដ្ឋអាចចូលរួមសកម្មភាពកសិកម្មប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ដោយទទួលបាននូវការគាំទ្រទាំងស្រុងទៅលើ៖ ដើមទុនផលិតកម្ម បច្ចេកទេសដាំដុះ និងចិញ្ចឹមសត្វ និងការធានាតភ្ជាប់ទីផ្សារលក់ចេញទុកជាមុន៕