681 ezgif.com resize
Swift cc time

ការិយាល័យFCDOអង់គ្លេសបន្តចូលខ្លួនមកជួយ«កែលម្អប្រសិទ្ធភាព»សេវារថយន្តក្រុងសាធារណៈនៅភ្នំពេញ ដោយអាទិភាពមុនគេផ្លូវរត់ព្រលានអន្តរជាតិតេជោ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ការិយាល័យ Foreign Commonwealth and Development (FCDO) របស់ប្រទេសអង់គ្លេស បានសម្រេចបន្តគាំទ្រជួយ«កែលម្អប្រសិទ្ធភាព»សេវារថយន្តក្រុងសាធារណៈ ក្នុងរាជធានីភ្នំពេញដោយនឹងចាប់ផ្តើមអាទិភាពមុនគេផ្លូវរត់ព្រលានអន្តរជាតិតេជោ។នេះគឺជាជំហានទី២ បន្ទាប់ពីជំហានទី១ស្តីពីការអនុវត្តគម្រោងភាពជាដៃគូគាំទ្រផ្នែកបច្ចេកទេសសម្រាប់ប្រតិបត្តិការរថយន្តក្រុង បានបិទបញ្ចប់កាលពីចុងឆ្នាំ២០២៥។

សម្រាប់ជំហានទី២នេះ ការិយាល័យអង់គ្លេសនេះ បានចុះMOUរួមគ្នាជាថ្មីជាមួយ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ដោយនឹងផ្តោតអាទិភាពកិច្ចសហប្រតិបត្តិការអនុវត្តគម្រោងកែលម្អប្រសិទ្ធភាពសេវារថយន្តក្រុងសាធារណៈសម្រាប់ខ្សែរត់ទៅអាកាសយានដ្ឋានអន្តរជាតិតេជោ Airport Express Bus។

តាមរយៈកិច្ចសហការនេះ អង់គ្លេសនឹងគាំទ្រក្នុងការរៀបចំ និងអនុវត្តវិធានការអាទិភាពរថយន្តក្រុង ការរៀបចំយុទ្ធសាស្ត្រសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវបណ្តាញខ្សែរត់ និងគំនិតផ្តួចផ្តើមនានា ដើម្បីធ្វើយ៉ាងណាជួយពង្រឹងគុណភាពសេវាកម្មអ្នកដំណើរតាមរថយន្តក្រុងសាធារណៈកាន់តែល្អ។ការគាំទ្រនេះ ក្នុងគោលដៅសំខាន់ជួយកាត់បន្ថយការកក់ស្តះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា បច្ចុប្បន្ន រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងបម្រើសេវាដឹកជញ្ជូនសាធារណៈជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញចំនួន១៤ខ្សែរត់ ដោយប្រើប្រាស់រថយន្តក្រុងសរុបចំនួន ២៥៧គ្រឿង ជាមួយនឹងតម្លៃសំបុត្រត្រឹមតែ ១.៥០០រៀល ខណៈព្រះសង្ឃ មនុស្សចាស់ (អាយុចាប់ពី៧០ឆ្នាំឡើង) ជនពិការ សិស្ស-និស្សិត គ្រូបង្រៀន កម្មករ-កម្មការី កុមារ(កម្ពស់ក្រោម១ម៉ែត្រ) និងកីឡាករ-កីឡាការីនីអាជីព គឺមិនតម្រូវឱ្យបង់ថ្លៃឡើយ៕

Khcct banner

អត្ថបទទាក់ទង