ភ្នំពេញ៖ លោក រ័ត្ន សោភ័ណ ប្រធាននាយកប្រតិបត្តិ និងនាយកប្រចាំប្រទេស នៃធនាគារ មេយប៊ែង ខេមបូឌា ត្រូវបានសមាជិកបោះឆ្នោតជ្រើសរើសសារជាថ្មី ធ្វើជាប្រធានសមាគមធនាគារនៅកម្ពុជា។ ខណៈ លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃធនាគារប្រៃសណីយ៍កម្ពុជា ក.អ ត្រូវបានជាប់ឆ្នោត ជាអនុប្រធានសមាគម។ ការធ្វើឡើងនេះ កំឡុងពេលមហាសន្និបាតសមាជិកប្រចាំឆ្នាំ (AGM) នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦។
លោក រ័ត្ន សោភ័ណ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់លោកក្នុងការបន្តអនុវត្តនូវអនុសាសន៍ស្តីពីការវាយតម្លៃដោយឯករាជ្យលើការគ្រប់គ្រងសមាគមធនាគារនៅកម្ពុជា ក្នុងនោះរួមមាន កំណែទម្រង់ពាក់ព័ន្ធនឹងអភិបាលកិច្ច ភាពជាអ្នកដឹកនាំ គណៈកម្មាធិការ និងការតស៊ូមតិ ក្នុងគោលបំណងបន្តពង្រឹងប្រសិទ្ធភាព និងសម្លេងរបស់សមាគមបន្ថែមទៀត។
ក្នុងឱកាសនោះ លោកប្រធានសមាគម បានអបអរសាទរជូនសមាជិកក្រុមប្រឹក្សាភិបាលដែលទើបជាប់ឆ្នោតថ្មី និងបានដាក់ចេញនូវចក្ខុវិស័យនិងសរសរស្តម្ភចំនួន ០៣ សម្រាប់អាណត្តិថ្មី ដើម្បីលើកកម្ពស់វិស័យធនាគារ និងហិរញ្ញវត្ថុឱ្យមាននិរន្តរភាព ក្រមសីលធម៌ និងការទទួលខុសត្រូវខ្ពស់ដើម្បីពង្រឹងទំនុកចិត្តសាធារណៈនិងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ, ដើម្បីពង្រឹងសមត្ថភាពធនាគារិកតាមរយៈការបណ្តុះបណ្តាលជាប្រចាំ ទាំងជំនាញបច្ចេកទេសធនាគារ និងភាពជាអ្នកដឹកនាំ និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀតក្នុងប្រព័ន្ធអេកូឡូស៊ី ដើម្បីគាំទ្រដល់កំណើនប្រកបដោយចីរភាពនិងវិបុលភាពជាតិ៕