កំពត៖ លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានបញ្ជាក់ថា «វិថីអាហារ»ខេត្តកំពតដែលនឹងបើកដំណើរការមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ នឹងបង្កប់នូវវប្បធម៌ ប្រពៃណីដ៏ផូរផង់របស់ខ្មែរលើសំណង់ និងអាជីវករដែលលក់ដូរក្នុងវិថីនេះ ជាពិសេសការបង្ហាញអាហារនំចំណីរបស់ខ្មែររាប់រយមុខជូនភ្ញៀទេសចរជាតិ និងអន្តរជាតិបានទទួលទាន និងបានស្គាល់នូវកេរ្តិ៍តំណែលសម្បត្តិវប្បធម៌ខ្មែរ ព្រមទាំងរសជាតិកើតចេញពីស្នាដៃអ្នកកំពត។ អាជីវករដែលចូលលក់ដូរក្នុងវិថីអាហារទាំងអស់ក៏នឹងមានការស្លៀកសំលៀកបំពាក់ប្រពៃណីជាតិខ្មែរ ដើម្បីទាក់ទាញ និងបង្ហាញដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ។
ក្នុងដំណើរចុះពិនិត្យវិថីអាហារ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ លោក ម៉ៅ ធនិន បានមានប្រសាសន៍ថា ក្នុងបំណងទទួលស្វាគមន៍ទេសចរជាតិ អន្តរជាតិ នាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រដ្ឋបាលខេត្តនឹងចាប់បើកដំណើរការវិថីអាហារក្រុងកំពត ដោយអនុញ្ញាតឱ្យអាជីវករចូលលក់ដូរជាផ្លូវការនៅពេលឆាប់ៗខាងមុខ ស្របពេលដែលការសាងសង់ស្ទើរសម្រេចរួចរាល់ទាំងស្រុងហើយនោះ។
លោកអភិបាលខេត្តកំពត បានបន្តថា ហើយដើម្បីត្រៀមលក្ខណៈបានល្អិតល្អន់ មន្ទីរជំនាញពាក់ព័ន្ធ ត្រូវរៀបចំនូវបញ្ជីមុខម្ហូបអាហារនំចំណីសម្រាប់ដាក់ជូនបងប្អូនអាជីវករលក់ដូរនៅវិថីអាហារនេះ ដោយផ្តោតសំខាន់លើអាហារ នំចំណី ប្រចាំតំបន់នីមួយៗរបស់ខេត្ត ហើយអាជីវករដែលចូលលក់ដូរក្នុងវិថីអាហារទាំងអស់ក៏តម្រូវឱ្យមានការស្លៀកសំលៀកបំពាក់ប្រពៃណីជាតិខ្មែរ ដើម្បីបង្ហាញដល់ភ្ញៀវទេសចរជាតិ អន្តរជាតិផងដែរ។
លោកបានបន្តទៀតថា ក្នុងចំណោមម្ហូបអាហារ និងនំចំណីទាំងនោះ ក៏ត្រូវដាក់បញ្ចូលនូវប្រភេទនំខ្មែរដែលមានលក្ខណៈជាកេរដំណែលសម្បត្តិវប្បធម៌ប្រពៃណីជាតិ ពិសេសម្ហូបចំណីជាអត្តសញ្ញាណប្រចាំខេត្តកំពត ព្រមទាំងអាហារដែលជាប់ប្រវត្តិយូរលង់ និងមានទំនៀមទម្លាប់ទាក់ទិនជាមួយការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដើម្បីបង្ហាញភ្ញៀវទេសចរឱ្យបានស្គាល់កាន់តែច្បាស់ពីមរតកម្ហូបអាហារខ្មែរ៕